លោក ត្រាំ ត្រៀមខ្លួនរួចរាល់ ក្នុងការដំឡើងតម្លៃពន្ធ២០០ពាន់លានដុល្លារបន្ថែមទៀត លើទំនិញចិន

11-07-2018 1:52pm

អាមេរិកៈ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចរាល់ក្នុងការ ដំឡើងតម្លៃពន្ធបន្ថែមទៀតលើទំនិញចិនក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារ ជាហេតុធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន កាន់តែឡើងកម្តៅ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោករ៉ូប៊ើត ឡាយធីហ្ស៊ឺ គឺជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក បានបញ្ចេញនូវតារាងរាយឈ្មោះទំនិញចិនរាប់ពាន់មុខបន្ថែមទៀត ដែលប្រឈមនឹងការដំឡើងតម្លៃពន្ធ១០ភាគរយ ក្រោយការជជែកដេញដោលអស់មួយរយៈពេលរួចមកនោះ។ តារាងរាយឈ្មោះទំនិញដំឡើងតម្លៃពន្ធថ្មីនេះ រួមទាំងផ្លែឈើ និងបន្លែ កាបូប ទូទឹកកក អាវភ្លៀង និងស្រោមដៃកីឡាបេសបល។

ការគំរាមកំហែងថ្មីនេះដែរ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តការដំឡើងតម្លៃពន្ធ២៥ភាគរយលើទំនិញចិនស្មើនឹងតម្លៃ៣៤ពាន់លានដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទីក្រុងប៉េកាំង បានឆ្លើយតបភ្លាមៗវិញជាមួយនឹងការដំឡើងតម្លៃពន្ធលើទំនិញសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់តែមួយ៣៤ពាន់លានដុល្លារ។

វិធានការកាលពីថ្ងៃអង្គារនេះ គឺធ្វើតាមការគំរាមកំហែងរបស់លោកដូណាល់ ត្រាំ ដែលបានបង្កើតឡើងកាលពីខែមុន។ លោកបានបញ្ជាឲ្យលោក ឡាយធីហ្ស៊ី ដំឡើងតម្លៃពន្ធ២០០ពាន់លានដុល្លារលើទំនិញចិន បើសិនជាចិនសងសឹកនឹងទណ្ឌកម្មរបស់អាមេរិក ដែលបានដាក់ទោសប្រទេសមួយនេះ សម្រាប់ការលួចទ្រព្យសម្បត្តិបញ្ញារបស់ពួកគេនោះ៕