សហភាពអឺរ៉ុប ព្រមានលោក ត្រាំ ថា មិនត្រូវបន្តុះបង្អាប់ប្រទេសសម្ព័ន្ធមិត្ត មុនជំនួបកំពូលអង្គការ NATO

11-07-2018 12:09pm

ទីក្រុងព្រុចសែលៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាការងារជាមួយក្រុមមេដឹកនាំអង្គការ NATO សម្រាប់កិច្ចប្រជុំដ៏ផុយស្រួយមួយ នៅឯជំនួបកំពូលក្នុងទីក្រុងព្រុចសែល នាថ្ងៃពុធនេះ ។

មុនដំណើរទស្សនកិច្ចរបស់គាត់ លោក ត្រាំ បានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម និងមកលើប្រទេសសម្ព័ន្ធមិត្តអង្គការ NATO សម្រាប់ការខកខានចំណាយលុយគ្រប់គ្រាន់ សម្រាប់វិស័យការពារជាតិ ។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ រងការស្តីបន្ទោសយ៉ាងខ្លាំងផងដែរ ពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស់ ដែលបានចោទប្រកាន់ប្រធានាធិបតីរូបនេះថា បានរិះគន់អឺរ៉ុប “ស្ទើតែរាល់ថ្ងៃ” នោះ ។

លោក ថាស់ បាននិយាយថា សហភាពអឺរ៉ុប បានចំណាយលុយច្រើនជាងរុស្ស៊ីទៅទៀត លើវិស័យការពារជាតិ ពោលគឺច្រើនដូចជាប្រទេសចិនអញ្ចឹងដែរ ។

លោក ថាស់ បន្តទៀតថា សហរដ្ឋអាមេរិក មិនធ្លាប់មាន ហើយនិងមិនមានសម្ព័ន្ធមិត្តល្អជាងសហភាពអឺរ៉ុបនោះទេ ហើយលោកបានធ្វើការក្រើនរំឭកដល់ប្រធានាធិបតីរូបនេះផងដែរថា មានទាហានអឺរ៉ុបច្រើនណាស់ ដែលបានធ្វើសង្រ្គាម និងស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ មកលើអគារភ្លោះសហរដ្ឋអាមេរិក៕