មាន់គកបារាំង បំបាក់បិសាចក្រហមបែលហ្ស៊ិក ១-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup

11-07-2018 11:39am

បាល់ទាត់ៈ ក្រុមជម្រើសជាតិបារាំង នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអង់គ្លេស ឬក្រុមជម្រើសជាតិក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ World Cup ក្រោយបំបាក់ក្រុមជម្រើសជាតិបែលហ្ស៊ិក១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុង St Petersburg ។

ខ្សែការពារ Samuel Umtiti រកបានគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជើងឯកបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨មួយនេះ នៅក្នុងតង់ទី២ ជាមួយនឹងការតែតបាល់បញ្ចូលទី ក្រោយពីមានបាល់ជ្រុងរបស់កីឡាករ Antoine Griezmann ។

ក្រុមរបស់លោក Didier Deschamps ត្រូវបានក្រុមបែលហ្ស៊ិកព្យាយាមវាយបកមកវិញផងដែរ ប៉ុន្តែទីបំផុតពួកគេរកបានជ័យជំនះមួយនេះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ ជាកន្លែងដែលពួកគេធ្លាប់ចាញ់ក្រុមជម្រើសជាតិអ៊ីតាលី ដោយសារការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout កាលពីឆ្នាំ២០០៦ ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិក បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយបានយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់ស្មើបានឡើយពេលប៉ះជាមួយក្រុមជើងខ្លាំងបារាំង ហើយការស៊ុតបាល់រ៉ាពេញមួយទំហឹងជើង របស់កីឡាករ Axel Witsel ត្រូវបានទះបាល់បញ្ចេញបានសម្រេចដោយអ្នកចាំទី Hugo Lloris ដែលសង្គ្រោះបាល់បានដូចគ្នាពីការស៊ុតបាល់ របស់កីឡាករ Toby Alderweireld ។

នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ក្រុមកីឡាករបម្រុងបារាំង បានរត់សំដៅមកកាន់ទីលានប្រកួត ដើម្បីអបអរជ័យជំនះ ជាមួយក្រុមកីឡាកររបស់ពួកគេ ខណៈដែលគ្រូបង្វឹក Deschamps ត្រូវបានចោមរោមដោយបុគ្គលិករបស់លោក មុនពេលរាំជុំវិញរង្វង់ ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេស និងត្រូវប៉ះជាមួយក្រុមជម្រើសជាតិក្រូអាត នៅក្នុងទឹកដី Luzhniki របស់ទីក្រុងមូស្កូ នៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទី២ នាថ្ងៃពុធនេះ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅក្នុងទឹកដីតែមួយ នៅថ្ងៃអាទិត្យ៕