Breaking News ៖ ក្មេងប្រុស២នាក់បន្ថែមទៀត ត្រូវបានសង្រ្គោះនៅថ្ងៃអង្គារនេះ ចេញពីរូងភ្នំ “ថាមហ្លូង”

18-08-2018 10:30am

ថៃៈ យោងតាមការចុះផ្សាយរបស់កាសែត The Guadian បានដឹងនៅមុននេះបន្តិចថា មនុស្សទី១០ ត្រូវសង្រ្គោះបាននៅថ្ងៃអង្គារនេះ ចេញពីរូងភ្នំ “ថាមហ្លូង” របស់ថៃ ជាកន្លែងដែលក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានជាប់ខ្លួននៅទីនោះ អស់រយៈពេលជាង២សប្តាហ៍ ហើយដំណឹងចុងក្រោយនេះដែរ ធ្វើឲ្យក្តីសង្ឃឹមកើតមានថា មនុស្សទាំង១៣នាក់ ដែលបានជាប់ខ្លួនក្នុងរូងភ្នំ នឹងត្រូវរំដោះបានទាំងអស់នៅថ្ងៃនេះ។

ដោយឡែក សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានមើលឃើញមនុស្ស២នាក់ ត្រូវបានគេសែងចេញពីរូងភ្នំ "ថាមហ្លូង" តាមគ្រែស្នែង។ ពួកគេ គឺជាមនុស្ស២នាក់ដំបូងគេ ដែលត្រូវបានគេនាំចេញនៅថ្ងៃអង្គារនេះ ដែលជាថ្ងៃទី៣ នៃប្រតិបត្តិការសង្រ្គោះ។

គួរឲ្យដឹងថា ក្មេងប្រុស៨នាក់ ត្រូវបានគេរំដោះបានអំឡុងប្រតិបត្តិការសង្រ្គោះ២ថ្ងៃដំបូង ក្នុងនោះ៤នាក់ កាលពីថ្ងៃអាទិត្យ និង៤នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញ៕