ដំណើរវិវត្តន៍ចុងក្រោយ ជុំវិញប្រតិបត្តិការសង្រ្គោះក្មេងសេសសល់ និងគ្រូបង្វឹក នៅក្នុងរូងភ្នំ

18-08-2018 10:30am

+មេបញ្ជាការបេសកកម្ម ៖ មនុស្ស៥នាក់ចុងក្រោយ អាចនឹងរំដោះបានពីរូងភ្នំ នៅថ្ងៃអង្គារនេះ

លោក ណារ៉ុងស័ក្តិ អូសូតថាណាខន មេបញ្ជាការបេសកកម្ម បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្មេងប្រុស៤នាក់ ដែលនៅជាប់ខ្លួនក្នុងរូងភ្នំ "ថាមហ្លូង" និងគ្រូបង្វឹករបស់ពួកគេ គួរតែត្រូវបានរំដោះបានទាំងអស់នៅថ្ងៃអង្គារនេះ។

ប្រតិបត្តិការសង្រ្គោះ បានចាប់ផ្តើមហើយ កាលពីវេលាម៉ោង១០និង០៨នាទី ម៉ោងក្នុងស្រុក ដោយអ្នកមុជទឹកមួយក្រុមមានគ្នា១៩នាក់ បានធ្វើដំណើរទៅរំដោះក្មេងបុ្រសទាំង៤នាក់ និងគ្រូបង្វឹករបស់ពួកគេ ជាមួយវិជ្ជបណ្ឌិតម្នាក់ និងអ្នកមុជទឹក៣នាក់ មកពីទាហានជើងទឹកថៃ SEAL ដែលបាននៅជាមួយក្រុមក្មេងៗរហូតមក ភ្លាមៗបន្ទាប់ពីពួកគេត្រូវបានរកឃើញ។

លោក ណារ៉ុងស័ក្តិ បាននិយាយថា លោកសង្ឃឹមជឿជាក់ថា ក្មេងប្រុសទាំង៤នាក់ និងគ្រូបង្វឹកម្នាក់ វិជ្ជបណ្ឌិតមួយរូប ហើយនិងនាយទាហានជើងទឹកថៃ៣នាក់ នឹងត្រូវនាំចេញមកក្រៅទាំងអស់គ្នានៅថ្ងៃអង្គារនេះ។

+ភ្លៀងកំពុងបង្អុរចុះខ្លាំង បណ្តាលឲ្យជន់លិចតំបន់ភាគខាងជើង ប្រទេសថៃ

ភ្លៀងចាប់ផ្តើមបង្អុរចុះទៀតហើយ នៅស្រុកម៉េសៃ ស្ថិតនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលអាចបង្កភាពស្មុគស្មាញដល់ដំណើរការសង្រ្គោះក្មេងប្រុស៤នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបន្តជាប់ខ្លួននៅក្នុងរូងភ្នំ "ថាមហ្លូង"។

លោក ណារ៉ុងស័ក្តិ អូសូថាណាខន មេបញ្ជាការបេសកកម្មសង្រ្គោះ និងជាអភិបាលខេត្តឈៀងរ៉ៃ បានចាត់ទុកប្រតិបត្តិការសង្រ្គោះលើកនេះ កំពុងប្រឈមនឹងបញ្ហាជន់លិច និងជំនះពេលវេលា។

កិច្ចប្រឹងប្រែងសង្រ្គោះលើកមុន ត្រូវបានជួយឲ្យល្អប្រសើរឡើង ដោយសារតែស្ថានភាពស្ងួត មិនមានភ្លៀងធ្លាក់ ប៉ុន្តែដោយសារភ្លៀងមូសុងវស្សា ចាប់ផ្តើមបង្អុរចុះវិញបែបនេះ ប្រតិបត្តិការសង្រ្គោះត្រូវតែចាប់ផ្តើមជាបន្ទាន់។

ក្រុមអ្នកជំនាញ ដែលដឹងច្បាស់ពីប្រតិបត្តិការសង្រ្គោះ បានបង្ហាញនូវក្តីកង្វល់របស់ខ្លួនថា កម្រិតទឹកឡើង អាចនឹងបង្កើនហានិភ័យកាន់តែខ្ពស់ដល់ក្រុមអ្នកមុជទឹក និងអូសបន្លាយពេលវេលារបស់ពួកគេ ក្នុងការនាំក្មេងប្រុស និងគ្រូបង្វឹករបស់ពួកគេចេញពីរូងភ្នំ។ បច្ចុប្បន្ន ផ្នែកភាគច្រើននៃផ្លូវចេញពីរូងភ្នំ អាចដើរបាន។

+ក្មេងប្រុស៨នាក់ ដែលបានរំដោះចេញពីរូងភ្នំ បច្ចុប្បន្នមានសុខភាពល្អប្រសើរ

ក្រុមមន្រ្តីសុខភិបាល នៅខេត្តឈៀងរ៉ៃ បាននិយាយនៅក្នុងសន្និសីទកាសែត នាថ្ងៃអង្គារនេះថា ក្មេងប្រុស៨នាក់ ដែលបានរំដោះចេញពីរូងភ្នំ "ថាមហ្លូង" បច្ចុប្បន្នមានសុខភាពល្អធម្មតាទេ ពោល គឺស្ថានភាពផ្លូវចិត្តល្អប្រសើរ ហើយនិងអាចនិយាយបានធម្មតា។

លោកវេជ្ជបណ្ឌិត ចេដសាដា ឆុកេដាមរ៉ុងស៊ុក រដ្ឋលេខាធិការអចិន្ទ្រៃយ៍ នៃក្រសួងសុខាភិបាលថៃ បាននិយាយថា លោករំពឹងថា ក្មេងប្រុសទាំងនេះ នឹងត្រូវចំណាយពេល៧ថ្ងៃ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ។

បច្ចុប្បន្ន ក្មេងៗទាំងអស់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ស្របពេលដែលក្រុមអាជ្ញាធរ កំពុងព្យាយាមកំណត់ថា តើពួកគេមានកើត ឬមិនកើតជំងឺឆ្លង ខណៈដែលស្ថិតនៅទីងងឹត ក្នុងរូងភ្នំ។

លោក ឆុកេដាមរ៉ុងស៊ុក បាននិយាយថា ក្រុមគ្រួសារក្មេងប្រុស៤នាក់ដំបូង អាចទៅមើល និងសួរសុខទុក្ខពួកគេ បានត្រឹមតែឈរក្រៅមាត់បង្អួចកញ្ចក់ពួកគេសម្រាកប៉ុណ្ណោះ។

+ប្រតិបត្តិការសង្រ្គោះ បានចាប់ផ្តើមហើយ សម្រាប់ថ្ងៃទី៣នេះ

ក្រុមអ្នកមុជទឹក និងក្រុមការងារសង្រ្គោះនៅប្រទេសថៃ បានចាប់ផ្តើមហើយ នូវអ្វីដែលពួកគេចាត់ទុកថា ជាដំណាក់ផ្តាច់ព្រ័ត្រ ក្នុងការរំដោះក្មេងប្រុស៤នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលនៅជាប់ខ្លួនក្នុងរូងភ្នំ នៅតំបន់ភាគខាងជើងប្រទេសថៃ។

ក្មេងប្រុស៨នាក់ ត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ អំឡុងប្រតិបត្តិការសង្រ្គោះ២ថ្ងៃដំបូង ប៉ុន្តែមនុស្ស៥នាក់ទៀត នៅជាប់ខ្លួននៅឡើយ នៅចំណុចទីតាំងដែលមានចម្ងាយប្រហែល៤គីឡូម៉ែត្រ ពីមាត់រូងភ្នំ នៅក្នុងប្រព័ន្ធរូងភ្នំដ៏ស្មុគស្មាញមួយនេះ។

+នាយករដ្ឋមន្រ្តី ចុះសួរសុខទុក្ខក្រុមគ្រួសារក្មេងប្រុសរងគ្រោះនៅមាត់រូងភ្នំ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជួបសំណះសំណាលជាមួយក្រុមគ្រួសារក្មេងប្រុសនៅជិតរូងភ្នំ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ការិយាល័យនាយករដ្ឋមន្រ្តី បានចែកចាយវិដេអូរបស់ក្រុមគ្រួសារជួបជាមួយលោក ប្រាយុទ្ធ ដែលបាននិយាយថា “មិនសំខាន់ថាយើងត្រូវការចំណាយអស់ប៉ុន្មានទេ គឺគ្មាននរណាម្នាក់ ត្អូញត្អែរពីវានោះឡើយ។ ជីវិតពិតជាសំខាន់ខ្លាំងណាស់”

+ក្រុមសង្រ្គោះ អះអាងថា ក្មេងបុ្រសពាក់អាវច្រើនជាន់ ដើម្បីការពារភាពត្រជាក់

លោក អាវ៉ាន ការ៉ាដហ្ស៊ីក គឺជាអ្នកមុជទឹកដាណឺម៉ាក់ ដែលឈរជើងនៅជំរំលេខ៦ ដើម្បីជួយដល់ក្រុមមុជទឹកនោះ បាននិយាយប្រាប់ CNN ថា ក្រុមអ្នកមុជទឹក មានជំនឿថា ប្រតិបត្តិការថ្ងៃនេះ នឹងកាន់តែរលូនជាងកាលពីថ្ងៃម្សិលមិញ ដោយសារតែទឹកមានកាន់តែតិចនៅក្នុងប្រព័ន្ធរូងភ្នំ។

លោកបាននិយាយថា ក្មេងប្រុសទាំងអស់ បានពាក់ម៉ាស់គ្របមុខ ក៏ដូចជាអាវរក្សាកម្តៅជាច្រើនជាន់។ នេះគឺដោយសារតែទឹកត្រជាក់ខ្លាំងពេក ហើយពួកគេថែមទាំងរងារខ្លាំងទៀតផង។

ក្មេងប្រុសទាំងនេះ ត្រូវបានភ្ជាប់ជាមួយក្រុមអ្នកមុជទឹកដោយ “ខ្សែចងខ្លួន” ដើម្បីបញ្ចៀសផុតពីហានិភ័យកើតឡើងជាយថាហេតុណាមួយ។

លោកបន្តថា ក្រុមអ្នកមុជទឹក ត្រូវតែនាំយកបំពង់ខ្យល់ និងបំពង់អុកស៊ីហ្សែនថ្មីបន្ថែមទៀត ចូលទៅក្នុងរូងភ្នំ និងដាក់វានៅទីតាំងយុទ្ធសាស្រ្តតាមផ្លូវ។ វាអាចជាយថាហេតុ ក្នុងករណីដែលមានរឿងអ្វីកើតឡើង ជាមួយការផ្គត់ផ្គង់របស់ក្រុមអ្នកមុជទឹក ដូចជាករណីខូចឧបករណ៍មុជទឹករបស់ពួកគេ ដោយសារតែផ្លូវឆ្ងាយខ្លាំងពេកជាដើម៕