ការប្រឡងជ្រើសរើសឈុតសំលៀកបំពាក់បុរាណខ្មែរ នាពិធីខួប "គ្រួសារតារាកម្ពុជា" ទទួលបានការគាំទ្រ

10-07-2018 7:21am

ភ្នំពេញៈ នារាត្រីម្សិលមិញនេះ សមាជិកនៃក្រុមគ្រួសារតារាកម្ពុជាជាច្រើននាក់ ជាតារាចម្រៀង តារាសម្តែង បានចូលរួមប្រារព្ធ​ពិធីខួប២ឆ្នាំនៃការកកើតរបស់បណ្តាក្រុមសមាជិកទាំងនេះ ដែលរួមគ្នារំលេចសកម្មភាពសង្គមដូចជា មនុស្សធម៌។ អ្វីដែលប្លែក គឺឃើញថាសិល្បករចូលរួមនាឱកាសនោះតម្រូវឲ្យ​រំលេចសម្លៀកបំពាក់បុរាណ និងប្រពៃណីខ្មែរដោយមើលទៅពិតជាអស្ចារ្យ។

គណៈកម្មាការដាក់ពិន្ទុឈុតសំលៀកបំពាក់បុរាណមានលោកទេសរដ្ឋមន្រ្តី ខៀវ កាញារិទ្ធ  លោក កុយ ស៊ីឌឿន អតីតតារាកំប្លែងនាយឃ្លោក  អ្នកស្រី សាក់ សាកេតមយូរ៉ា និងស្វាមី សោម ដូរិន អ្នកគ្រូ គង់ ណារី លោក សុះ ម៉ាច ជាដើម។

ពិធីនោះឃើញមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី ខៀវ កាញារិទ្ធ លោកស្រី គន់ គីម ព្រមទាំងសិល្បៈករជើងចាស់ល្បីឈ្មោះធ្លាប់មានស្នាដៃក្នុងសិល្បៈជាច្រើននាក់ផងដែរ។ ក្រៅពីបរិយាកាសរីករាយ កម្មវិធីត្រូវបានរៀបចំជាបន្តបន្ទាប់ដូចជា មានការបំពាក់ជូនមេដាយជាច្រើនដល់សមាជិក ដែលបានចូលរួមលើកស្ទួយសកម្មភាពការងារ ព្រមទាំងការប្រឡងជ្រើសរើសឈុតសំលៀកបំពាក់បុរាណ ដែលសិល្បករសិល្បៈការិនីគ្រង ហើយច្នៃឡើងត្រូវចំរចនាបថបែបខ្មែរបុរាណ។ ទន្ទឹមនឹងនោះ អ្នកមិនបានលើកពាន កំពុងយល់ថា ការដាក់ពិន្ទុរបស់គណកម្មការ មិនយុត្តិធម៌។ ចំពោះរឿងនេះ បើយោងតាមក្រុមការងារបានប្រាប់ថា អ្នកមិនបានលើកពាននេះ មិនមែនសម្រាប់បងប្អូនទៅជួលខោអាវសម្អាងការ និងសំលៀកបំពាក់បុរាណស្រាប់ៗ ហើយគិតថា លើកពានបានទេ។ ឈុតដែលលើកពានបាន ដាច់ខាតត្រូវតែ ជាឈុតដែលចេញដោយគំនិតថ្មី ការស្រាវជ្រាវថ្មី មានរចនាបទខ្មែរច្បាស់លាស់ នេះគឺការប្រកួតសំលៀកបំពាក់បុរាណ មិនមែនប្រកួតសម្រស់ អ្នកស្លៀកស្អាតជាងគេ លើកពានទេ ការដាក់ពិន្ទុ ត្រូវមើលលើរចនាបទ គំនិតច្នៃប្រឌិតខ្ពស់ និងត្រូវតាមក្បួន។ ឈុតដែលលើកពាន ត្រូវតែជាឈុត រកជួលមិនបាន ក្រៅពីស្នាដៃរបស់បុគ្គលម្នាក់ សូមមេត្តាជ្រាប មិនមែនទៅជួលខាងណាក៏បាន ហើយគិតថា លើកពាន "គ្រួសារតារាកម្ពុជា"ឡើយ។

សម្រាប់អ្នកទទួលបានពានរង្វាន់ឆ្នើមៗមានកញ្ញា បេប៊ី  អ្នកនាង ម៉ៅ ស៊ីណាត លោក រុន ណាកូ លោក ម៉ែន អម្រុងរត្ន័ តារាភេទទី៣ រំដួលលិចទឹក តារាភេទទី៣ ភី សម័យ៕