ចេន រ៉ូហ្វើ មានមោទនភាពខ្លាំង ក្រោយចេញបទថ្មី និយាយពីតម្លៃក្រមាកម្ពុជា

18-08-2018 10:30am

ភ្នំពេញៈ បទចម្រៀងថ្មី “ក្រមាសាមគ្គីក្រមាកម្ពុជា”  ដែលផលិតឡើងដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងច្រៀងដោយតារាចម្រៀង ចេន រ៉ូហ្វើ និង ចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ ព្រោះក្រៅតែពីអត្ថន័យបង្កប់អត្ថន័ជ្រាលជ្រៅ គឺការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឲ្យទាក់ទាញ។

​ក្រោយពីកម្ពុជា ត្រូវបានគណៈកម្មការ World Guiness Records បានប្រកាសពីជយលាភីជាប្រទេសទី១ លើពិភពលោកបង្កើតក្រមាវែងបំផុតជាង១ពាន់ម៉ែត្រ បានធ្វើឲ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង “ក្រមាសាមគ្គីក្រមាកម្ពុជា”  ដែលរៀបរាប់អំពីគុណតម្លៃក្រមា និងទិដ្ឋភាពរីកចម្រៀងនៃសង្គមកម្ពុជានោះ ក៏បានបញ្ចេញរហូតទទួលបានការកោតសរសើរខ្លាំង។

​តារាចម្រៀង ចេន រ៉ូហ្វើ បានថ្លែងពីមោទនភាពខ្លាំង ក្រោយពីបទចម្រៀងនេះផ្ទុះការគាំទ្រខ្លាំង។ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងរូបនេះ បានបញ្ជាក់ថា លោកមានគោលបំណងបង្កើតបទចម្រៀងបែបនេះជាយូរមកហើយ គាប់ជួនទទួលបានការផ្តល់ឱកាសលើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺកាន់តែធ្វើឲ្យលោកមានកម្លាំងចិត្ត និងខិតខំផលិតបទចម្រៀងនេះដោយមិនរុញរា។ លោកបន្តថា បទចម្រៀងនេះ និពន្ធទំនុកច្រៀងដោយកញ្ញា ថាវ ពេជ្រអម្រិត ចំណាយពេលនិពន្ធសាច់ភ្លេងត្រឹមចំនួន៥ថ្ងៃ ដោយចេញថត ជាវីដេអូចំនួន២ថ្ងៃ និងចំណាយពេលកាត់តចំនួន៤ថ្ងៃ។ លោកថា បទចម្រៀងនេះ មានក្លិន និងរសជាតិបែបខ្មែរច្រើន ដោយមានការដាក់លាយបញ្ចូលគ្នានូវបទចម្រៀងខ្មែរពីដើមជាមួយបទថ្មី ដែលមានលក្ខណៈ អត្តសញ្ញាណជាខ្មែរ។ លោកថា កាន់តែធ្វើឲ្យបទចម្រៀងនេះគួរឲ្យចាប់អារម្មណ៍ គឺសំនៀងរួមគ្នារបស់លោកជាមួយបេក្ខភាពវគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia កញ្ញា ចែម ស្រីលក្ខ ពិសេសគឺការកាត់តបទចម្រៀងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានា ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទនភាពសម្រាប់ជាតិសាសន៍របស់ខ្លួនឯង។

​លោកក៏ថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទស្សនិកជនដែលបានផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រស្នាដៃផលិតបទចម្រៀងថ្មីរបស់លោក ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងនេះទៅមុខទៀតផងដែរ៕