កែវ ធីតា ព្រោះសិល្បៈ បាត់ឱកាសស្រូបយកជំនាញសិក្សា

08-07-2018 4:55pm

កម្សាន្តៈ ដោយសារតែកត្តាជីវភាព កញ្ញា កែវ ធីតា តារាចម្រៀងនិយមច្រៀបបទបែបភាសាអង់គ្លេស បានបាត់បង់ពេលវេលាសិក្សាដើម្បីអនាគត ហើយងាកដើរត្រាច់ចររកលុយជាមួយទឹកដមសម្លេងតាំងពីវ័យជំទង់មក។

កែវ ធីតា គឺជាចៅស្រីបង្កើតរបស់ កែវ ចិន្តា អតីតចៅហ្វាយក្រុងភ្នំពេញជំនាន់រដ្ឋកម្ពុជាដោយ លោក កែវ ចិន្តា ជាអ្នកនិពន្ឋបទចម្រៀង "មាតុភូមិដែលខ្ញុំស្រឡាញ់ ឬឱភ្នំពេញអើយ"។ បច្ចុប្បន្នអតីតចៅហ្វាយក្រុងរូបនេះ បន្សល់ចៅស្រី២នាក់ជាតារាចម្រៀងកំពុងលេចធ្លោលើសិល្បៈ គឺកញ្ញា ខេលី និង កែវ ធីតា។

កញ្ញា កែវ ធីតា បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់ "ខារ៉ាបាវតន្ត្រី" របស់ប៉ុស្តិ៍លេខ៥ មុននេះ ដោយនាងនិយាយថា បើរំលឹកពីការរៀនសូត្រវិញនាងមានការសោកស្តាយខ្លាំងតែម្តងដោយសារនាងឈប់រៀនត្រឹមថ្នាក់ទី៨ ហើយចុះមកជួយដើរច្រៀងសម្តែងសិល្បៈតាមវង់ភ្លេងការជាមួយលោកប៉ា និងបងស្រីនាង។ ធីតា ប្រាប់ទៀតថា ក្រោយពេលអត់បានរៀន ក៏សម្រុកងាកមកសិក្សាភាសាអង់គ្លេសបានថ្នាក់ទី១០ នៅសាលាឯកជនមួយ។ ម្ល៉ោះហើយទើបចំនេះដឹងផ្នែកភាសាអង់គ្លេសរបស់នាងទោះមិនល្អខ្លាំង ក៏អាចប្រើការបានគួរសម។ ក្រៅពីច្រៀងជាភាសាអង់គ្លេសនាងអាចច្រៀងភាសាចិន ថៃ បានខ្លះដែរ។ ប្រសិនបើមានពេលវេលាគ្រប់គ្រាន់នាងនឹងឈោងចាប់ការសិក្សាជំនាញណាមួយបន្ថែមទៀតទុកជាវិជ្ជាជាប់ខ្លួនក្រៅពីសិល្បៈ។

កែវ ធីតា បានបោះជំហ៊ានសិល្បៈនៅអាយុ១៣ឆ្នាំនៅតាមពិធីជប់លៀង និងមង្គលការ។ ដោយមានទេពកោសល្យសិល្បៈ ធីតា ត្រូវបានស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្តល់វត្តមានសម្តែងដូចជាបាយ័ន អាសុីអាគ្នេយ៍ សុីធីអិនជាដើម។ ក្រៅពីនេះ នាងឧស្សាហ៍ច្រៀងក្នុងកម្មវិធីធំៗពេលបុណ្យចូលឆ្នាំខ្មែរដូចជាអង្គរសង្ក្រាន្តផងដែរ៕