ចិន អះអាងថា អាមេរិក កំពុងបង្កើតឲ្យមានភ្លើងសង្គ្រាមពាណិជ្ជកម្មដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ

06-07-2018 1:48pm

ចិនៈ នៅថ្ងៃសុក្រនេះ ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើការចាប់ផ្តើម “សង្គ្រាមពាណិជ្ជកម្មដ៏ធំនៅក្នុងវិស័យសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ” ខណៈដែលពន្ធគយរបស់អាមេរិក បានចូលជាធរមានទៅលើទំនិញចិនដែលមានទឹកប្រាក់៣៤ពាន់លានដុល្លារ ។ ទូរទស្សន៍ CNN បានផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃសុក្រនេះ។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីសហរដ្ឋអាមេរិក កំណត់ពន្ធគយ កាលពីពាក់កណ្តាលយប់មិញ ត្រូវនឹងថ្ងៃត្រង់នៅក្រុងប៉េកាំង ដោយបានបញ្ជាក់ថា “ប្រទេសចិន ត្រូវបង្ខំឲ្យប្រយុទ្ធតបតវិញទៅនឹងការពារសុវត្ថិភាពអត្ថប្រយោជន៍ជាតិដ៏សំខាន់ និងប្រយោជន៍របស់ពលរដ្ឋខ្លួន” ។

រដ្ឋបាលរបស់លោក ត្រាំ បានកំណត់ពន្ធគយ២៥ភាគរយ ដែលជាគោលដៅទៅលើផលិតផលរបស់ប្រទេសចិន ដូចជា ឧស្សាហកម្មគ្រឿងចក្រ ថ្នាំពេទ្យ និងគ្រឿងបន្លាស់រថយន្តជាដើម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មមិនបានផ្តល់អ្វីដែលលម្អិតនោះទេទៅលើការសងសឹករបស់ខ្លួន ។

ក្រុងប៉េកាំងបាននិយាយកាលពីមុនថា ចិន នឹងធ្វើការឆ្លើយតបវិញប្រឆំាងនឹងតម្លៃដែលមានភាពស្មើគ្នានៃការនាំចេញរបស់អាមេរិក ក្នុងរាប់បញ្ចូលទាំងរថយន្តម៉ាក SUVs សាច់គោ និងគ្រឿងសមុទ្រផងដែរ៕