ពលរដ្ឋកម្ពុជា អាចប្រឈមនឹងមានជំងឺធ្ងន់ធ្ងរផ្សេងៗ នៅពេលមិនបានពិនិត្យសុខភាព ឲ្យបានទៀងទាត់

06-07-2018 11:25am

ភ្នំពេញៈ ដោយក្តីព្រួយបារម្មណ៍ និងការយកចិត្តទុកដាក់គិតគូរពីសុខភាពប្រពលរដ្ឋកម្ពុជា ក្រុមអ្នកឯកទេសព្យាបាលជំងឺធ្ងន់ធ្ងរ នៃមន្ទីរទេព្យកាល់ម៉ែត បានចេញមកចែករំលែក នូវចំណេះដឹងខ្លះៗ ពាក់ព័ន្ធទៅនឹងការថែទាំ និងកាតាមដានពីស្ថានភាពសុខភាព ឬបច្ចុប្បន្នភាពរបស់ជំងឺធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា ។

លោកវេជ្ជបណ្ឌិត សាស្រ្តាចារ្យ អ៊ាវ សុខា ប្រធានមជ្ឈមណ្ឌលជាតិ ជំងឺមហារីក និងលោកវេជ្ជបណ្ឌិត សាស្រ្តាចារ្យ ខុស ជួរ ប្រធានផ្នែកជំងឺបេះដូង ប្រចាំមន្ទីរពេទ្យកាល់ម៉ែត កាលពីល្ងាចថ្ងៃទី ៥ ខែកក្កដានេះ បានចែករំលែកទាក់ទងនឹងបច្ចុប្បន្នភាព របស់ជំងឺធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា មានចំណេះដឹងខ្លះៗ សម្រាប់តាមដានថែទាំសុខភាព ពាក់ព័ន្ធនឹងស្ថានភាពជំងឺមហារីក បេះដូង ខួក្បាល សួត ថ្លើម និងតម្រងនោម ទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរ ។

ការចែករំលែកទាក់ទងនឹងបច្ចុប្បន្នភាព របស់ជំងឺធ្ងន់ធ្ងរនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធប្រកាសលក់ជាផ្លូវការ នូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ របស់ក្រុមហ៊ុន មេនញូឡាយ ខេមបូឌា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។

ទាក់ទិននឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតទាំងពីរ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បើមានអាការៈណាមួយ ដែលសង្ស័យថា អាចនឹងមានជំងឺមហារីក ឬបេះដូង ក៏ដូចជាជំងឺធ្ងន់ធ្ងរដទៃទៀត ត្រូវទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីពិនិត្យ និងព្យាបាល ចៀសជាងទៅទិញថ្នាំ យកមកប្រើប្រាស់ផ្តេសផ្តាស ដែលនាំឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត ឬអាចនិយាយបានថា ហួសពេលដែលគ្រូពេទ្យជំនាញអាចជួយសង្រ្គោះបាន ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ជូនថា រាល់ជំងឺធ្ងន់ធ្ងរបែបណាក៏ដោយ ក៏ក្រុមគ្រូពេទ្យកម្ពុជា មានសមត្ថភាពអាចជួយសង្គ្រោះ ឬព្យាបាលជូនបានដែរ ក៏ប៉ុន្តែសុំកុំឲ្យទុករហូតដល់ជំងឺមានស្ថានភាពធ្ងន់ធ្ងរ សង្រ្គោះលែងបាន។ ដំណោះស្រាយល្អបំផុត គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ថែទាំសុខភាពឲ្យបានល្អ ពិសារអាហារដែលមានសុវត្ថិភាព កុំពិសារស្រាហួសកម្រិត កុំជក់បារី និងត្រូវហាត់ប្រាណជាប្រចាំថ្ងៃ ។

ជាមួយគ្នានោះដែរ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសជាផ្លូវការ នៃការផ្ដល់ជូននូវអត្ថប្រយោជន៍ ដែលផ្តល់ការកាពារហិរញ្ញវត្ថុ ជាមួយចំនួនទឹកប្រាក់ធានារហូតដល់១០ម៉ឺនដុល្លារអាមេរិក ទៅលើស្ថានភាពជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលអត្ថប្រយោជន៍នេះ នឹងជួយសម្រាលបន្ទុកនៃការចំណាយលើការព្យាបាល ដើម្បីឲ្យអ្នកជំងឺអាចផ្តោតសំខាន់ លើការព្យាបាល ដើម្បីឲ្យជាសះស្បើយ៕