ក្តៅគគុក! លោក ត្រាំ ថា អាមេរិក នឹងដំឡើងពន្ធដល់ទៅ៥០០ពាន់លានដុល្លារ សម្រាប់ទំនិញនាំចូលពីចិន

06-07-2018 10:40am

វ៉ាស៊ីនតោនៈ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដានេះថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក អាចនឹងស្នើដំឡើងពន្ធគយរយពាន់លានដុល្លារ ទៅលើទំនិញនាំចូលរបស់ប្រទេសចិន ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកនេះ បានចាប់ផ្តើមធ្វើឲ្យកើតមានសង្គ្រាមពាណិជ្ជកម្មនោះ ។

លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រមូលពន្ធគយ ដែលមានទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារ ទៅលើទំនិញរបស់ចិន នៅវេលាម៉ោង១២៖០១នាទីព្រឹក (ម៉ោងសកល) នៅថ្ងៃសុក្រនេះ និងបានព្រមានថា ទឹកប្រាក់សរុបអាចនឹងដល់៥០០ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើនដែលសហរដ្ឋអាមេរិក បានធ្វើការនាំចូលពីប្រទេសចិន កាលពីឆ្នាំមុន ។

លោក ត្រាំ បានប្រាប់ដល់អ្នកសារព័ត៌មានមួយចំនួន នៅគ្រាដែលនៅលើយន្តហោះ Air Force One ថា «“អ្នកមានទឹកប្រាក់ផ្សេងទៀត១៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២សប្តាហ៍” ហើយបន្ទាប់មក ដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹងហើយ យើងមាន២០០ពាន់លានដុល្លារ នៅពេលផ្អាកបង់ពន្ធ ហើយក្រោយមកទៀត មាន២០០ពាន់លានដុល្លារ និងយើងមាន៣០០ពាន់លានដុល្លារ នៅក្នុងពេលផ្អាកបង់ពន្ធ Ok? ដូច្នេះហើយ ៥០បូក ២០០បូក ជិត៣០០»។

គួរបញ្ជាក់ថា វិវាទទៅលើការធ្វើពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានកើតឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសកំណត់ពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលនឹងត្រូវដំឡើងពន្ធលើទំនិញទាំងអស់នេះ នៅពេលដែលប្រទេសទាំងឡាយណា បានធ្វើការនាំចូលមកកាន់ទឹកដីអាមេរិក៕