រន្ធត់ទាំងព្រឹក! កម្មកររោងចក្រជាង២០នាក់ រងបួសធ្ងន់ស្រាល ក្រោយហេតុការណ៍ក្រឡាប់រថយន្ត នៅផ្លូវជាតិលេខ៣

05-07-2018 9:33am

កណ្ដាលៈ នៅក្រោមដំណត់ទឹកភ្លៀងរលឹម កម្មកររោងចក្រជាង២០នាក់ បានរងរបួសធ្ងន់ និងមួយចំនួនទៀត រងរបួសស្រាល បន្ទាប់ពីជួបនូវឧប្បត្តិហេតុក្រឡាប់រថយន្ត១គ្រឿង គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយតៃកុង បើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាជែងជាមួយរថយន្ត១គ្រឿងទៀត ក៏រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្លួនឯង កាលពីវេលាម៉ោង៦៖១៥នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណចខាងលើ មានឧប្បត្តិហេតុក្រឡាប់រថយន្តដឹកកម្មករោងចក្រ១គ្រឿង ដោយសារការបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង ទៅលើដីវាលទើបនឹងចាក់ថ្មី បណ្តាលឲ្យកម្មករជិះលើរថយន្ត រងរបួសជាង២០នាក់ ក្នុងនោះរងរបួសធ្ងន់ជាង១០នាក់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនរងគ្រោះ បន្ទាប់ពីជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង មកពីតាមបណ្តាលអង្គភាព មន្ទីរពេទ្យ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗគ្នា មានមួយចំនួនដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថា រថយន្តខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រ មកពីខាងស្រុកគងពិសី ម្តុំវត្តអង្គលំទង ដឹកកម្មករប្រហែលជា៥០ទៅ៦០នាក់ ធ្វើដំណើរទៅរោងច្រកសួនឧស្សាហកម្មវឌ្ឍន នៅផ្លូវជាតិលេខ៣៕