សហគ្រិនវ័យក្មេង៥រូប ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេង ឆ្នាំ២០១៨

18-08-2018 10:30am

ភ្នំពេញៈ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ បានរកឃើញ សហគ្រិនវ័យក្មេងឆ្នើម ចំនួន៥រូប កាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ដោយមានការចូលរួមពី សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំ «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង៥រូប» នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ (Cambodian Young Entrepreneur Awards 2018)។

សហគ្រិនវ័យក្មេងកម្ពុជា ទាំង៥នាក់ មាន ទី១ ឈ្មោះ គៀត អភិវឌ្ឍន៍ ទទួលបានពានឆ្នើម ទី២ ឈ្មោះ ផាវ ដារ័ត្ន ពានរង្វាន់សង្គម ទី៣ ខេង វ៉ានដា ពានរង្វាន់ បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់ សហគ្រិនឆ្នើមស្រ្តី ទី៥ ឈ្មោះ វី ថានី ពានរង្វាន់ អាជីវកម្មទើបបង្កើតថ្មី។

សូមបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីនេះ ធ្វើមកជាច្រើនខែមកហើយ​ ដោយមួយវគ្គទៅមួយវគ្គ​ តែងធ្វើកម្មវិធី​ ឡើងធ្វើបទបង្ហាញ​ ដើម្បីរើសយក​ នឹងឈានទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំនេះ។ ទម្រាំតែឈានមកដល់វគ្គ​ផ្តាច់​ព្រ័ត្រនេះ មានបេក្ខជនសហគ្រិនប្រមាណជា៤០នាក់បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។ យ៉ាងណាមិញ​ មានតែបេក្ខជន២៥នាក់ប៉ុណ្ណោះ ត្រូវជម្រុះយ៉ាងស្វិតស្វាញ​ ពីខាងបណ្តាគណៈកម្មាការទាំងអស់របស់កម្មវិធីពានរង្វាន់​ សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨។ ជាក់ស្តែង សហគ្រិនទាំង១៦រូប ត្រូវជ្រើសចូលដល់ពាក់កណ្តាលផ្តាច់ព្រ័ត្ត ដែលបានជ្រើសរើសនេះ នឹងត្រូវធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មាការទាំងអស់នៅជុំវិញគម្រោងអាជីវកម្ម ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម សមិទ្ធផលនានា ព្រមទាំងការចូលរួមរបស់អាជីវកម្មរបស់ពួកគេនៅក្នុងការដោះស្រាយបញ្ហានៅក្នងសង្គមផងដែរ រហូតស្វែងរកឃើញ សហគ្រិនវ័យក្មេង ឆ្នើមទាំង៥រូប ខាងលើនេះ។

បេក្ខជនសហគ្រិនដែលបានចូលរួម​ ​ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា​ ឆ្នាំ​២០១៨ សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការ​ នៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារ​ បានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ​​ និងដាក់ពិន្ទុរទៅលើអាជីវកម្មរបស់បេក្ខជន​ ដែលជាសហគ្រិនទាំងអស់ៗអោយកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យនិង យុត្តិធម៌៕