ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះសុខភាពនៅក្នុងរដូវភ្លៀង

21-06-2018 10:57am

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំ នៅក្នុងរដូវវស្សានេះ​ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​ បានណែនាំដល់ប្រជាពលរដ្ឋពិសេសកុមារអាយុក្រោម៥ឆ្នាំ​ និងមនុស្សវ័យចំណាស់ត្រូវឧស្សាហ៍លាងដៃ ផឹកទឹកឲ្យបានច្រើន គេងអោយបានច្រើន​ និងហូបអាហារសម្បូ​រជីវជាតិ ជាពិសេសវីតាមីនសេ​ ដើម្បីការពារកុំឲ្យឆ្លងជំងឺផ្តាសាយធំនៅក្នុងរដូវភ្លៀងធ្លាក់នេះ ។

ការអំពាវនាវរបស់អ្នកនាំពាក្យនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល​ បានទទួលរបាយការណ៍ពីការកើនឡើងនៃជំងឺផ្តាសាយធំតែនៅមិនទាន់ផ្ទុះជំងឺនេះក្នុងទំហំធំនៅឡើយទេដោយក្នុង១ខែៗមានអ្នកឆ្លងជំងឺនេះប្រមាណ១០០ករណី។

លោកវេជ្ជបណ្ឌិតបានបន្តថា នៅក្នុងរដូវភ្លៀងធ្លាក់ប្រជាពលរដ្ឋតែងតែមានឆ្លងជំងឺផ្តាសាយធំដែលបង្កឡើងដោយមេរោគផ្តាសាយរួមមាន H1N1, H3N2, H2N2, ដែលមេរោគទាំងនេះងាយនឹងកើតឡើងនៅនៅក្នុងរដូវភ្លៀង ចំពោះរោគសញ្ញាជំងឺផ្តាសាយធំរួមមានគ្រុនក្តៅលើសពី ៣៨.៥អង្សាសេ មានក្អក ឬឈឺក និងករណីខ្លះអាចវិវត្តន៍ទៅហត់។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានរោគសញ្ញាទាំងនេះ ត្រូវព្យាបាលដោយប្រើថ្នាំបញ្ចុះកំដៅ បរិភោគទឹកឲ្យបានច្រើន គេងអោយបានគ្រប់គ្រាន់​ ហូបអា ហារសម្បូរជីវជាតិ​ ហាមប្រើថ្នាំផ្សះ ព្រោះមិនមានប្រសិទ្ធិភាពក្នុងការសម្លាប់​មេរោគនេះទេហើយថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ លោកវេជ្ជបណ្ឌិត​ បានបញ្ជាក់ទៀតថា​ ក្នុងករណីព្យាបាល៣ថ្ងៃមិនធូរស្រាល ឬវិវត្តន៍ទៅជាហត់ខ្លាំង ត្រូវប្រញាប់ប្រញ៉ាល់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជាបន្ទាន់នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យនានា។

សូមបញ្ជាក់ថា យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ភ្លៀងនឹងធ្លាក់រាយប៉ាយនៅតាម បណ្ដារាជធានី-ខេត្តផ្សេងៗ ក្នុងបរិមាណពីមធ្យមទៅបង្គួរ៕