លោក ត្រាំ ប្រាប់ហេតុផលនៅពីក្រោយការបញ្ឈប់សមយុទ្ធ នៅឧបទ្វីបកូរ៉េ

13-06-2018 8:14pm

ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការបញ្ឈប់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង គឺដោយសារតែ “វាត្រូវការចំណាយលុយច្រើនពេក” ។

ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ត្រាំ ត្រូវបានមន្រ្តីសាធារណរដ្ឋ អះអាងថា ជាការអស់សំណើចខ្លាំងណាស់។

គួរឲ្យដឹងថា លោក ត្រាំ បានធ្វើឲ្យក្រុមអ្នកសង្កេតការណ៍មួយចំនួននៅជំនួបកំពូលក្នុងប្រទេសសិង្ហបុរី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកប្រកាសថា លោកចង់បញ្ចប់ហ្គេមសង្រ្គាម “បង្ករឿងខ្លាំងបំផុត” ជាមួយកងកម្លាំងកូរ៉េខាងត្បូង។ លោកបាននិយាយថា សហរដ្ឋអាមេរិក បានចំណាយលុយភាគច្រើនទៅលើការចំណាយក្នុងសមយុទ្ធនេះ ហើយវាត្រូវការចំណាយលុយច្រើនណាស់។ យើងត្រូវបើកយន្តហោះទម្លាក់គ្រាប់បែកចេញពីកោះ Guam ។

ការប្រកាសនេះដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសគឺរដ្ឋាភិបាល និងយោធាកូរ៉េខាងត្បូង ហើយនឹងទាហានអាមេរិក២៨.៥០០នាក់កំពុងឈរជើងនៅក្នុងប្រទេសមួយនេះ។

នៅថ្ងៃពុធនេះដែរ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ផមផ្យូ បានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ដើម្បីពន្យល់ពីផែនការរបស់លោក ត្រាំ ដល់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងជប៉ុន នូវការសម្រេចចិត្តមួយដែលត្រូវបានគេមើលឃើញថាជាសម្បទានដ៏ធំមួយដល់កូរ៉េខាងជើង និងមេដឹកនាំ គីម ជុងអ៊ុន៕