ប្រជាពលរដ្ឋជាង២០០គ្រួសារ សុំណូមពរអាជ្ញាធរប្រាសាទព្រះវិហារ ជួយពន្លឿនការដោះស្រាយវិវាទដីធ្លី

13-06-2018 8:08pm

ព្រះវិហារៈ លោក អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តព្រះវិហារបានដឹកនាំកម្លាំងជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះដោះស្រាយ​ និងសម្របសម្រួសជាមួយប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារដែលមានបញ្ហារទំនាស់ដីធ្លីរវាងអាជ្ញាធរប្រាសាទព្រះវិហារកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នំា១០១៨។

ក្នុងការចុះដោះស្រាយរវាងអាជ្ញាធរ ​នឹងប្រជាពលរដ្ឋខាងលើ ត្រូវប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយដោះស្រាយបញ្ហារវិវាទដីធ្លីរបស់ពួកគាត់ ដែលមានទំនាស់ជាយូរឆ្នាំមកហើយ ជាមួយអាជ្ញាធរប្រាសាទព្រះវិហារដែលស្ថិតនៅក្នុងបរិវេណដំបន់ប្រាសាទព្រះវិហារ។

ប្រជាពលរដ្ឋបានលើកឡើងបន្តឲ្យដឹងថា ដីដែលមានវិវាទនេះគឺស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរយៈពេល៨ឆ្នាំមកហើយ តែបញ្ហាខាងលើនេះមិនទាន់មានការដោះស្រាយនៅឡើយនោះទេ។

នៅក្នុងឱកាសនៃការចុះដោះស្រាយរបស់អាជ្ញាធរខាងលើ លោក អ៊ុន ចាន់ដា  អភិបាល នៃគណអភិបាលខេត្តព្រះវិហារបានលើកឡើងថា អាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលជួបបញ្ហាវិវាទផ្សេងៗជាពិសេសបញ្ហាដីធ្លីស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់បន្ថែមឲ្យដឹងថា លោកបានដោះស្រាយជាមួយប្រជាពលរដ្ឋដោយសុំឲ្យ ប្រពលរដ្ឋទាំងជាង២០០គ្រួសារខាងលើមេត្តាទុកពេលឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរប្រាសាទព្រះវិហារមានការពិភាក្សា និងដោះស្រាយដោយទុកពេលរយៈពេល៤ថ្ងៃ អាជ្ញាធរនឹងធ្វើការដោះស្រាយជូនពួកគាត់ម្តងទៀត៕