ស្ថាប័នរដ្ឋពាក់ព័ន្ធ ថ្កោលទោសអាមេរិក បង្កកទ្រព្យសម្បត្តិ មេអង្គរក្សនាយករដ្ឋមន្រ្តី

13-06-2018 7:21pm

ភ្នំពេញៈ ក្រោយក្រសួងរតនាគារអាមេរិក ប្រកាសបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិកម្ពុជា លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តីកម្ពុជា ស្ថាប័នធំៗរបស់រដ្ឋជាច្រើន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារជាតិអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យរបស់លោក ហ៊ីង ប៊ុនហៀង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារជាតិអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ការសម្រេចដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយអាមេរិក ចោទលោក ហ៊ីង ប៊ុនហៀង ថា បានបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មនេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជាផ្ទាល់ បានថ្កោលទោសចំពោះក្រសួងរតនាគារអាមេរិក ដែលចោទប្រកាន់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ថា រំលោភសិទ្ធិមនុស្ស ព្រមទាំងបង្កកទ្រព្យសម្បត្តិ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីឲ្យដឹងថា “សូមធ្វើការថ្កោលទោសចំពោះវិធានការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើរូបនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះ កំពុងតែរីកចម្រើនជាទីគាប់ប្រសើរ”។

សេចក្តីថ្លែងការណ៍បន្តថា ម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញថា ការដែលកងទ័ពអាមេរិក មកសម្លាប់ជនជាតិកម្ពុជា រាប់លាននាក់ កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមកដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្សពីសំណាក់អាមេរិកទេឬ?

ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិវិញ បានឲ្យដឹងដែរថា “ក្រសួងការពារជាតិ សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងរតនាគារអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិមកលើមន្រ្តីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទកម្ពុជា”។

ប្រភពបន្តថា ការដាក់ទណ្ឌកម្មនេះ ជាការរំលោភដល់ច្បាប់កម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយយ៉ាងអយុត្តិធម៌បំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មនេះ ជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្តរបស់អាមេរិក ដែលកម្ពុជា មិនអាចទទួលយកបាន។

សម្រាប់អគ្គបញ្ជាការដ្ឋានផ្ទាល់ ដែលរងការចោទប្រកាន់ ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់អាមេរិក។ សេចក្តីថ្លែងការណ៍បន្តថា “ការសម្រេចដែលធ្វើឡើងតាមទំនើងចិត្តរបស់អាមេរិកនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ”។

សម្រាប់ក្រសួងការបរទេសខ្មែរ បានច្រានចោលយ៉ាងដាច់អហង្ការផងដែរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបង្ហាញថា នរណាក៏ដឹងថា លោក ហ៊ីង ប៊ុនហៀង និងបញ្ជាការដ្ឋានអង្គរក្ស បានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសការការពារឯករាជ្យ និងបូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពានរបស់បរទេស៕