ចាប់វាយខ្នោះជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាច្រើនកញ្ចប់

13-06-2018 7:10pm

ប៉ៃលិនៈ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ របស់​ស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន​ បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​ជួញ​ដូរ​សារធាតុ​ញៀន​ខុស​ច្បាប់​មួយ​កន្លែង នាល្ងាច​ថ្ងៃ​ពុធ​ ១កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹង​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ ​នៅ​មុខវិទ្យាល័យ​ ហ៊ុន​ សែន​ ក្រុង​ទេព​និមិត្ត​ ខេត្តប៉ៃលិន​ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់។

​ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ​ ចាន់​ សា​ ហៅ​ប្រុស​ អាយុ​៣២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរកសិករ​​ រស់​នៅ​ភូមិ​អូច្រាកើត​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន៥កញ្ចប់។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី៕