ចិន អះអាងថា សំណើរបស់ខ្លួនចាប់ផ្តើមប្រតិបត្តិការពិតប្រាកដហើយ ក្រោយលោក ត្រាំ ប្រកាសបញ្ឈប់សមយុទ្ធយោធា នៅឧបទ្វីបកូរ៉េ

13-06-2018 6:30pm

ក្រុងប៉េកាំងៈ ប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងបញ្ឈប់សមយុទ្ធយោធានៅតំបន់កូរ៉េ បង្ហាញថាសំណើរឲ្យមានការ “ផ្អាកទ្វេភាគី” កំពុងប្រតិបត្តិការពិតប្រាកដហើយ។

លោក ហ្គេង សួង គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសេចក្តីអធិប្បាយបែបនេះ អំឡុងសន្និសីទកាសែតប្រចាំថ្ងៃ នៅក្នុងទីក្រុងប៉េកាំង ដែលធ្លាប់បានក្រើនរំឭកថា បញ្ហានៅតំបន់ឧបទ្វីបកូរ៉េ ពិតជាស្មុគស្មាញខ្លាំងណាស់ ហើយវាមិនងាយនឹងដោះស្រោយដោយសារវិធានការតែមួយនោះទេ។

គួរឲ្យដឹងថា ចិនធ្លាប់ស្នើសុំឲ្យមានការ “ផ្អាកទ្វេភាគី” ជាកន្លែងដែលកូរ៉េខាងជើង នឹងត្រូវផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវតែផ្អាកសមយុទ្ធយោធា ដើម្បីឲ្យពួកគេអាចអង្គុយចរចាបាន។

សូមបញ្ជាក់ថា ចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ហើយពួកគេក៏ជាប្រទេសសម្ពន្ធមិត្តជាមួយរដ្ឋឯកកោមួយនេះផងដែរ។ ជាយូរមកហើយ ដែលទីក្រុងព្យុងយ៉ាង ចង់ឲ្យបញ្ចប់ “ហេ្គមសង្រ្គាម” រួមគ្នាដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕