១ប្រកួត​រក​បាន​៦គ្រាប់ ធ្វើ​ឲ្យ​​ខ្សែ​ប្រយុទ្ធ​ Privat របស់​ក្លិប​​អាស៊ីអឺរ៉ុប ឡើង​ឈរ​កំពូល​តារាង​​បញ្ជី​ Top Scorer

13-06-2018 6:27pm

បាល់ទាត់ៈ កីឡាករ​ជនជាតិ​កាម៉េរ៉ូន Befolo Mbarga Privat សមាជិក​ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុប បាន​​ឈរ​​កំពូង​តារាង​អ្នក​រក​គ្រាប់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ (Top Scorer) ​គឺ​ចំនួន១៣គ្រាប់​ម្នាក់​ឯង ​​គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី៩ នៃ​ពានរង្វាន់​ជម្រើសជើង​ឯកជាតិ (Metfone Cambodian League 2018) ក្រោយ​វ៉ាដាច់​កីឡាករ​Julius Oiboh របស់​ក្រុម​បឹងកេត។

មុន​ឡើង​ឈរ​កំពូល​តារាង Top Scorer កីឡាករ​ Privat បាន​រក​គ្រាប់​បាល់​៦គ្រាប់​ម្នាក់​ឯង​ក្នុង​ប្រកួត​​ដែល​​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប ឈ្នះ​លើ​ក្រុម​​វេស្ទើនភ្នំពេញ ដោយ​លទ្ធផល​៦ទល់១ កាល​ពី​ពេល​ថ្មីៗ ក្នុង​សប្ដាហ៍​ទី៩។

បើ​រាប់​៩​សប្តាហ៍​​មក​នេះ​ ក្រុម​សមាជិក​ទាំង​១២​អាច​ទាត់​បញ្ជូល​ទី​គ្នា​បាន១៨៤​​គ្រាប់។ ចំណែក១៣ គ្រាប់​របស់​កីឡាករ Privat បាន​ទាត់​បញ្ជូលទី​ក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ ​បឹងកេត២គ្រាប់ អង្គរថាយហ្គឺរ, វិសាខា, អគ្គស្នងការដ្ឋាន​នគរបាលជាតិ, ក្រសួងការពារជាតិ និងសូលទីឡូអង្គរ ១គ្រាប់ៗគ្រប់ក្រុម។

ក្រៅ​ពី​កីឡាករ​ Privat ​គេ​សង្កេត​ឃើញ​​កីឡាករ​​ប្រេស៊ីល Maycon របស់​បឹងកេត រក​បាន​៩គ្រាប់​តាម​ពី​ក្រោយ ហើយ​កីឡាករ​នីហ្សេរីយ៉ា Julius Oiboh របស់​​បឹងកេត និង​កីឡាករ Bisan George របស់​ណាហ្គាវើល រក​បាន​ម្នាក់​៨គ្រាប់ កីឡាករ​នីហ្សេរីយ៉ា Bata របស់​សូលទីឡូអង្គរ​រក​បាន​ម្នាក់​៧គ្រាប់​តាម​ពីក្រោយ។ កីឡាករ​វ័យក្មេង សាន គឹមហេង រក​បាន​៦គ្រាប់។ ក្រៅ​ពី​នោះ​សុទ្ធ​តែ​អ្នក​រក​គ្រាប់​បាល់​បាន​ម្នាក់៥​គ្រាប់ចុះក្រោម។

តាម​គម្រោង​រដូវកាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (ឬហៅ​ថា​ស្បែកជើងមាស) ព្រម​ទាំង​ថវិការ​លើក​ទឹកចិត្ត​ចំនួន​១.៥០០,០០០រៀល៕