អ្នកជំនាញ​ FIFA បង្ហាត់​ពី​របៀប​ចុះ​បញ្ជី​កីឡាករ ​តាម​អនឡាញ​ដល់​ក្លិប​ជា​សមាជិក ​លីគ​កំពូល​កម្ពុជា​

13-06-2018 6:21pm

​បាត់ទាត់ៈ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បាន​បើក​វគ្គ​សិក្សា​មួយ​ស្តី​ពី​របៀប​ចុះ​ឈ្មោះ​កីឡាករ​របស់​ខ្លួន​នីមួយៗ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណេត ឬអនឡាញ (FIFA Connect) ដល់​ក្លិប​បាល់ទាត់​ទាំង​១២​ជា​សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2018 ដោយ​មាន​ការ​សម្របស្រួល​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

សិក្ខាសាលាស្ដី​អំពីការចុះបញ្ជីកីឡាករតាមអនឡាញ​​ ដល់​បណ្ដា​ក្លិប​ទាំង​១២​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា នេះ​​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃពុធ ទី១៣ ខែមិថុនា នេះ​ដែល​មាន​លោក ម៉ាទីន សេម ជា​ប្រធាន​ផ្នែក Connect Platform មក​ពី​សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ។

វគ្គ​សិក្សា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ប្រជុំ​ការិយាល័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ចាប់​ពី​ម៉ោង​៨ និង៣០​ព្រឹក​ដល់​ម៉ោង​៥ល្ងាច ខណៈ​អ្នក​ចូលរួម​ទាំង​អស់​ជា​មន្ត្រីរដ្ឋបាល​ទទួល​បន្ទុក​ផ្នែក​ចុះ​បញ្ជី​កីឡាករ​របស់​ក្លិប​នីមួយៗ។

វគ្គ​នេះ​គឺ​ផ្ដោត​ជា​ចម្បង​លើ​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដូចជា​របៀបចុះឈ្មោះគណនី, ការពន្យល់អំពីមុខងារនីមួយៗ, ការ​ចុះ​បញ្ជីក្លិប, ការបញ្ចូលតួនាទីបុគ្គលិករបស់ក្លិប, ការចុះបញ្ជីកីឡាករ, ការអនុម័តយល់ព្រមផ្ទេរកីឡាករ,​ ការ​បន្ត​កិច្ចសន្យាថ្មី, ការចុះបញ្ជីគ្រូបង្វឹក, ការធ្វើរបាយការណ៍, ការចុះបញ្ជីទីតាំងប្រកួត​ និង​អ្នក​គាំទ្រ ​តាមប្រព័ន្ធអ៊ីនធើណិត តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់អន្តរជាតិ៕