សារព័ត៌មានកូរ៉េខាងជើង កោតសរសើរលោក ត្រាំ ក្នុងជំនួបប្រចាំសតវត្ស

13-06-2018 3:32pm

ក្រុងព្យុងយ៉ាងៈ នៅថ្ងៃពុធនេះ សារព័ត៌មានកូរ៉េខាងជើង បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃជំនួបកំពូលកាលពីថ្ងៃអង្គារម្សិលមិញ រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន។

នៅក្នុងសេចក្តីរាយការណ៍លើកដំបូងរបស់ខ្លួន ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញការកោតសរសើរចំពោះការទម្លុះភាពទល់ច្រកនៃទំនាក់ទំនងប្រទេសទាំង២ ក៏ដូចជាវិធានការស្រលាញ់សន្តិភាពរបស់លោក គីម ដែលបានបង្ហាញឲ្យពិភពលោកឃើញកាលពីដើមឆ្នាំនេះ ហើយនិងបានសាទរចំពោះឆន្ទៈរបស់លោក ត្រាំ ក្នុងការចូលរួមតុចរចា ថ្វីត្បិតតែធ្លាប់មានជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទាំង២ក៏ដោយ។

ខណៈនោះដែរ នៅលើទំព័រមុខរបស់កាសែត Rodong Sinmun បានដាក់រូបមេដឹកនាំទាំង២នៅពីក្រោមចំណងជើងថា ជំនួបប្រចាំសតវត្សបើកទំព័រយុគសម័យថ្មីនៅក្នុងប្រវត្តិសាស្រ្តទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង

គួរឲ្យដឹងថា លោកត្រាំ និងលោកគីម បានជួបគ្នានៅលើកោះទេសចរណ៍សេនតូសា របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ដែលជាជំនួបលើកដំបូងរបស់ប្រធានាធាធិបតីកំពុងកាន់អំណាចរបស់អាមេរិក ជាមួយមេដឹកនាំកូរ៉េខាងជើង៕