តារាសម្តែង វុទ្ឋី ស័ក ដាក់ប៉ុន្មានម៉ាត់ឲ្យផលិតករ និងតារាល្បីមួយចំនួន និយមប្រកាន់បក្ខពួក

13-06-2018 8:51am

កម្សាន្តៈ តារាសម្តែងដែលមានរូបសម្បត្តិសមរម្យកល្មមទទួលយកបាន អាចថតសម្តែងកើត បែរជាបង្ហាញភាពឈឺចាប់នៅលើវិថីសិល្បៈ ដោយមិននឹកស្មានថា មានការឈ្នានីសគ្នាប្រកាន់បក្ខប្រកាន់ពួក សូម្បីតែគ្នាតួថ្មីគោរពរៀមច្បង នៅតែមើលមិនឃើញតម្លៃ ។

លោក វុទ្ឋី ស័ក បានរៀបរាប់ទាំងមួម៉ៅថា លោកស្ទើរតែអស់សង្ឃឹមលើអាជីពសិល្បៈ លោកបានដើរសម្តែង និងជួយថតឲ្យផលិតកម្មមួយចំនួន តែនៅទីបំផុតឃើញថា សង្គមមួយនេះ បក្ខពួករាប់អានតែគ្នាគេ។ លោកថា លោកឆ្អែតចិត្តចំពោះផលិតកម្មធំមួយ ហៅលោកថត គឺនិយាយលួងលោមណាស់ តែការងារជាក់ស្តែងទុកយើងដូចពពួកគ្មានតម្លៃស្ទុះស្ទៀរឈ្មុលរកតែគ្នាគេឲ្យដូចបងដូចប្អូន ។ បើនិយាយពីតម្លៃថតវិញ លោកក៏ទទួលបានតិចតួចតែមិនខឹងឡើយឲ្យតែទទួលបានការយកចិត្តទុកដាក់ផលិតករ ឬថៅកែមេកើយ តែនេះគេទុកយើងជាមនុស្សគ្មានបេះដូងសួរថា តើតួល្បីអស់ហ្នឹងចេញមកភ្លាមល្បីភ្លាមមែន។ ភាពអស់ចិត្តនេះលែងចង់ជឿផលិតកម្មណាទាំងអស់ ពូកែណាស់បោកតួប្រើតួថ្មី ចាំសំកុករាប់ម៉ោងអត់ងងុយអីក៏ឃើញ គ្រាន់តែអ្នកល្បីវិញ មកយូរហើយលួងលោមទៀត ។

បើនិយាយពីពេលទៅជប់លៀងខួបកំណើតការអីវិញ គឺថាសម្បូរណាស់អ្នកលេងចរិកថា គេល្បីចុះសម តែតួថ្មីខ្លះឫកកប់មេឃ។ លោកនឹងតស៊ូដើម្បីអនាគត ព្រោះស្រឡាញ់សុខចិត្តទ្រាំគោលដៅ គឺចង់មានឈ្មោះជាងនេះ ដើម្បីឲ្យគេស្គាល់ហើយលោកនិងបើកមុខរបរជាហាងកាត់សក់ជាជំនាញលោកហាត់រៀនយូរមកហើយ ។

អ្នកនាង កែវ សុវណ្ណនី អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់ នៅប៉ុស្តីលេខ៥ លើកឡើងថា តួថ្មីសម្រាប់អ្នកនាងវិញ ចូលចិត្តធ្វើការគោរពពេលវេលាណាស់ មិនពិបាកហៅច្រើនដង។ បើតួល្បីមួយចំនួន ត្រូវដើរទ្រសម្បើមទម្រាំបានឡើងសម្តែងឲ្យយើងម្តងៗ តិចចេះតិចចុះឡើងចង់វិលមុខ៕