បទអត្ថាធិប្បាយ ៖ នៅទីបញ្ចប់ ជំនួបកំពូលរវាងលោក គីម និងលោក ត្រាំ ពិតជាសមដូចបំណងមែន

12-06-2018 9:18am

ភ្នំពេញៈ តាមការកត់សម្គាល់អស់រយៈពេលជាយូរមកហើយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ដោយសារតែការបង្កើតឲ្យមានអាវុធនុយក្លេអ៊ែរ ។ មេដឹកនំាប្រទេសកុម្មុនិស្តមួយនេះ បានចាត់ទុកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការទប់ទល់នឹងការឈ្លានពានពីសំណាក់បច្ចឹមប្រទេស និងសត្រូវយាយី​ផ្សេងៗ ហើយក៏ជាការបង្កើននូវសក្តានុពលភាពខ្លាំងក្លាផងដែរនៅក្នុងតំបន់។

អ្វីដែលជាការកត់សម្គាល់ទៀតនោះ ប្រទេសនេះធ្លាប់បានសាកល្បងគ្រាប់មីស៊ីល ក្នុងនោះមានទាំងមីស៊ីល ដែលអាចបាញ់ឆ្លងទ្វីប ដែលមានសមត្ថភាពខ្ពស់អាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកទៀតផង។ រាល់ការធ្វើតេស្តរបស់ប្រទេសកូរ៉េខាងជើង តែងតែទទួលបានជោគជ័យទាំងស្រុង ក្នុងនោះមានគ្រាប់អ៊ីដ្រូសែន ដែលបានបាញ់ចេញពីនាវាមុជទឹករបស់ប្រទេសនេះថែមទៀត។

នៅពេលដែលមានសកម្មភាពគឃ្លើ​នបែបនេះនោះ ប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោក បានព្យាយាមរារាំង និងបានដាក់គំនាបទៅលើប្រទេសកូរ៉េខាងជើង ក្នុងនោះមានការបិទសេដ្ឋកិច្ចប្រទេសនេះ មិនឲ្យរកស៊ីទាក់ទងជាមួយបណ្តាប្រទេសដទៃទៀតនោះទេ ពិសេសបំផុត គឺមានប្រទេសចិនជាដើម។

ទោះបីជាយ៉ាងនេះក្តី កូរ៉េខាងជើង នៅតែមិនញញើតនឹងអ្វីដែលប្រទេសលោកខាងលិចដាក់សម្ពាធធ្ងន់ធ្ងរនោះឡើយ ដោយនៅតែចចេសជាច្រើនលើក ច្រើនសារណាស់ ក្នុងការសម្រេចគោលដៅរបស់ខ្លួនឲ្យបាន សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

សូម្បីតែអង្គការសហប្រជាជាតិ ក៏កូរ៉េខាងជើងមិនព្រមចុះញមនោះដែរ ហើយថែមទាំងព្រមានខ្លាំងៗ ពិសេសទៅលើប្រទេសលោកខាងលិចថា នឹងត្រូវរលាយ បើសិនជានៅតែបន្តរុកគួន និងរករឿងមកលើប្រទេសរបស់ខ្លួន។

តាមការមើលឃើញជាក់ស្តែង សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង គឺពឹងផ្អែកទៅលើទីផ្សាររបស់ប្រទេសចិន ហើយប្រទេសនេះ ក៏មានទីផ្សារមួយចំនួននៅតំបន់អាហ្វ្រិកដែរ ដែលជាការជួញដូរដោយមិនស្របច្បាប់ និងលាក់បាំងពីការស៊ើបអង្កេតនានាពីអន្តរជាតិ។

មានចម្ងល់ជាច្រើន ដែលទាក់ទងទៅនឹងកូរ៉េខាងជើង ថាតើ ហេតុអ្វីបានជាប្រទេសនេះបន្តការផលិត និងធ្វើតេស្តឥតឈប់ឈរបែបនេះ?

អ្វីដែលគេបានដឹងច្បាស់នោះគឺថា មហិច្ឆិតាខ្ពស់បំផុតរបស់កូរ៉េខាងជើង គឺនៅមិនទាន់មានអ្នកបំបែកនូវអាថ៌កំបាំងនេះច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា មេដឹកដាំវ័យក្មេង គីម ជុងអ៊ុន ជាបុគ្គលិក ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលអំពីភាពអស្ចារ្យរបស់គាត់សម្បើមណាស់ ដែលបានដឹកនាំប្រទេសឯកោមួយនេះឆ្ពោះទៅរកភាពជោគជ័យលើកម្មវិធីនុយក្លេអ៊ែរ តាមផែនការដែលខ្លួនចង់បាន។

ទាក់ទិននឹងរឿងកូរ៉េខាងជើងនេះដែរ ដំបូងឡើយត្រូវបានគេដឹងថា ប្រទេសនេះមានតែមួយទេ នៅឧបទ្វីបកូរ៉េ តែមកដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ឧបទ្វីបទាំងមូលបានត្រូវបែងចែកជាពីរតំបន់ គឺមានកូរ៉េខាងជើង ដែលបានគ្រប់គ្រងដោយមេដឹកនាំម្នាក់ ដែលជាជីតារបស់លោក គីម ជុងអ៊ុន ហើយមានរុស្ស៊ីនៅពីក្រោយខ្នងក្នុងរឿងនេះដែរ ក្នុងការបែងចែកទឹកដី និងមានព្រំប្រទល់ជាប់គ្នាជាមួយរុស្ស៊ី និងចិន។ ចំណែកឯកដែនដីមួយចំហៀងទៀត ដែលស្ថិតនៅភាគខាងត្បូង គឺត្រូវបានកំណត់ថា ជាប្រទេសកូរ៉េខាងត្បូង ហើយប្រទេសប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ខុសពីកូរ៉េខាងជើង ដែលប្រកាន់បែបលទ្ធិកុម្មុយនីស្ត។

ចាប់តាំងពីបានបែងចែកទឹកដីទាំងពីររួចមក ប្រទេសទាំងទ្វេនេះមិនទាន់មានភាពល្អក់កកករអ្វីខ្លាំងក្លាជាមួយគ្នាប៉ុន្មានទេ។ តែរហូតដល់មានការវិវាទរឿងព្រំដែន បូកផ្សំនឹងរឿងការបាញ់ពន្លិចនាវាកូរ៉េខាងត្បូងរួចមក ដែលភាគីខាងកូរ៉េខាងត្បូង បានចោទឡើងថា ជាទង្វើរបស់ប្រទេសកូរ៉េខាងជើងនោះ សង្គ្រាមក៏បានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ តាមរយៈការទូត ក៏ដូចជាការផ្ទុះអាវុធជាបន្តបន្ទាប់ដាក់គ្នាដែរ តែស្ថិតនៅក្នុងទ្រង់ទ្រាយតូចតាចនោះទេ។

តែអ្វីដែលគេបានដឹងច្បាស់នោះ គឺថា សង្គ្រាមផ្ទុះឡើងរវាងប្រទេសកូរ៉េខាងជើង និងលោកខាងលិច ទើបជាចំណុចចាប់អារម្មណ៍ខ្លាំងសម្រាប់ពិភពលោក ព្រោះថា គ្រាន់តែដឹកនាំថ្មីរបស់អាមេរិក គឺលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងភ្លាមៗនៅក្នុងខែមករា ឆ្នាំ២០១៧ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង បានព្យាយាមធ្វើតេស្តសាកល្បងនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ និងបានដៀមដាមជាពាក្យពេជន៍មិនពិរោះពិសា និងឌឺដងដាក់គ្នាជាហូរហែរ ។ នៅមួយនោះ ក៏ធ្លាប់បានព្រលើយពាក្យដែរថា “នឹងអាចផ្ទុះសង្គ្រាមដាក់គ្នាទៀតផង” ដែលពាក្យទាំងនេះ ភាគីទាំងពីរមិនបានសំចៃមាត់នោះទេ។ ក៏ប៉ុន្តែអ្វីដែលគេបានមើលឃើញអំពីការផ្លាស់ប្តូរឥរិយាបទ និងការបន្ទាបខ្លួនរបស់មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូងវិញ គឺលោក ម៉ូន ជេអ៊ីន ដែលបានបង្អោនកាយវិការបស់គាត់ ដោយសុខចិត្តធ្វើការចរចាជាមួយនឹងលោក គីម ជុងអ៊ុន មេដឹកនាំផ្តាច់ការ ដែលរឹងរូសកាលពីពេលកន្លងមក ជាច្រើនលើកច្រើនសារ តែទីបំផុត បំណងរបស់លោក ម៉ូន ជេអ៊ីន បានដូចបំណងប្រាថ្នាយ៉ាងពិតប្រាកដ ហើយឈានដល់ការជួបប្រជុំកំពូលគ្នា គិតចាប់តាំងពីមន្ត្រីថ្នាក់កម្រិតការងារ រហូតដល់ឈានដល់ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ម៉ូជេអ៊ីន ទៀតផង នៅឯព្រំដែន  ផ្ទះសន្តិភាព ប៉ាន់ម៉ុនជុម  កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ។

ទោះបីជាយ៉ាងនេះក្តី ភាពព្រងើយកន្តើយ និងការសោះអង្គើយទៅរកលោកខាងលិច នៅមិនទាន់អន់ថយប៉ុន្មានទេ។ គឺថា នៅមានចំណុចអវិជ្ជមានខ្លះៗដែរ បើទោះបីជាមានជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៊ីន ក៏ដោយ។

មិនយូរប៉ុន្មាន ភាពប្រែប្រួលរបស់លោក គីម ដែលជាមេដឹកនាំវ័យក្មេង ហើយពិភពលោកបានចាត់ទុកថា ជាមនុស្សដ៏អស្ចារ្យ ដែលបានឈានចូលមកដល់ទឹកដីកូរ៉េខាងត្បូងជាលើកដំបូង និងជាប្រវត្តិសាស្ត្រនៃការជួបជុំបងប្អូនកូរ៉េទាំងពីរអស់ជាច្រើនទសវត្សរ៍មកហើយនេះ បានធ្វើឲ្យគាត់ផ្លាស់ប្តូរមកជាចំណុចវិជ្ជមានវិញ និងបានបង្ហើបអំពីគម្រោងការពិសេស គឺការលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន ក្រោយពីបានសាកល្បង និងឈាន ដល់សេចក្តីសម្រេចលើកទី៦មកនោះ ។

បន្ទាប់មក លោក គីម ក៏បានសន្យាថា នឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៅវិញ និងផ្លាស់ប្តូរមករកការចរចាជាមួយនឹងសហរដ្ឋអាមេរិក ដែលមានលោក ដូណាល់ ត្រាំ ដែលតែងមានវិវាទខាងពាក្យសម្តីជាហូរហែដាក់គ្នា ។

តាមរយៈការទូតដ៏អស្ចារ្យរបស់កូរ៉េខាងត្បូង ដែលមានលោក ម៉ូន ជេអ៊ីន ដឹកនាំការងារប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក ផង និងជាមួយកូរ៉េខាងជើងផងនោះ ក្រោយជំនួបកំពូលលើកទី១ នៅប៉ាន់ម៉ុនជុម លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងមានជំនួបកំពូលជាមួយគ្នា នៅទីណាដ៏សមគួរមួយ ។ ប៉ុន្តែការអះអាងនេះ ភាគីខាងកូរ៉េខាងជើង មិនទាន់បានឆ្លើយតបភ្លាមៗនោះទេ ។ លុះក្រោយមកទៀត ប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្តិចម្តងៗ តាមរយៈការទូតក្នុងការចរចាគ្នា ដែលមានកូរ៉េខាងត្បូងជាអ្នកសម្របសម្រួលវិញ។

យ៉ាងណាមិញ ការងាកមករកការចរចាគ្នា នៅមិនទាន់ដាច់ស្រឡះនោះទេ ព្រោះថា នៅពេលដែលលោក ដូណាល់ ត្រាំ ឈានដល់ការប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដ គឺថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨នេះ នឹងត្រូវជួបប្រជុំគ្នានោះ ស្រាប់តែមានអំពើអសកម្មមួយកើតឡើងវិញ នោះគឺផ្ទុះចេញពីភាគីកូរ៉េខាងជើង ដែលក្រោយជំនួបកំពូលលើកទី១ជាមួយលោក ម៉ូន ជេអ៊ីន ចុងខែមេសានោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បែរជានៅបន្តធ្វើសមយុទ្ធរួមគ្នាដដែល ដែលបញ្ហានេះបានធ្វើឲ្យភាគីកូរ៉េខាងជើង មិនពេញចិត្តនឹងទង្វើអស់នេះ ហើយថែមទាំងបានប្រឆាំងថា ជាការបង្កហេតុ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនៅឧបទ្វីបកូរ៉េ ។

មិនបានប៉ុន្មានផង ការផ្សះផ្សាមួយបានកើតឡើងជាថ្មីម្តងទៀត គឺផ្តើមចេញពីកូរ៉េខាងត្បូងដដែលហ្នឹង ដែលមានលោក ម៉ូន ជេអ៊ីន បានជួបប្រជុំកំពូលជាលើកទី២ម្តងទៀត ដោយម្តងនេះ លោក ម៉ូន បានឈានចូលក្នុងទឹកដីកូរ៉េខាងជើងវិញ ថ្វីត្បិតតែនៅព្រំដែនប៉ាន់ម៉ុនជុមក្តី ។

ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ដោយសម្រេចថា គម្រោងការនៃការជួបប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើង នឹងនៅតែរក្សាតាមកាលបរិច្ឆេទដដែល គឺនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងប្រទេសសិង្ហបុរី ។

សូម្បីរំលឹកឡើងវិញបន្តិចដែរថា នៅមុនពេលដែលមានការសម្រេចចិត្តខ្ពស់ និងជាឆន្ទៈដ៏មោះមុតរបស់កូរ៉េខាងជើង ក្នុងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ភាគីខាងកូរ៉េខាងជើង បានសុខចិត្តបំផ្លាញទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនចោល ហើយថែមទាំងបានកោះអញ្ជើញជំនាញការ អ្នកសារព័ត៌មានមួយចំនួមកពីសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងត្បូង ចូលរួមពិនិត្យទីតាំងដែលត្រូវបំផ្លាញផងដែរ ។

ដោយសារតែបានមើលឃើញអំពីទង្វើដ៏ត្រឹមត្រូវនេះហើយ បាននំាឲ្យសហរដ្ឋអាមេរិក កាន់តែវិលមករកការជួបចរចាគ្នាវិញនៅលើតុប្រជុំកំពូល ។

ទោះបីជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក នៅមិនទាន់ឯកភាពទាំងស្រុងទៅលើអ្វីដែលជាទង្វើរបស់កូរ៉េខាងជើងបានធ្វើនោះទេ ពិសេសការរើររុះទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន ហើយនៅតែបន្តតាមដានរាល់សកម្មភាពដដែល ដោយចង់ឲ្យការប្តេជ្ញារបស់កូរ៉េខាងជើង ជារឿងពិតប្រាកដឈានដល់កិច្ចព្រមព្រៀងមួយច្បាស់ លាស់ ។ ហេតុដូច្នេះហើយ រាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង នៅតែជាប្រធានបទក្តៅគគុក មួយសម្រាប់សហរដ្ឋអាមេរិកដដែល ក្នុងនោះក៏មានជប៉ុន ផងដែរ ដែលមិនទាន់ឯកភាពទាំងស្រុងទៅលើអ្វី ដែលកូរ៉េខាងជើងបានបង្ហាញឲ្យដឹងនោះទេ ។

យ៉ាងណាមិញ អ្វីៗចេះតែវិវត្តន៍ទៅមុខជាដរាប ហើយមកដល់ថ្ងៃទី១២ ខែមិថុនានេះ មេដឹកនាំទាំងពីរ ដែលមានលោក គីម ជុងអ៊ុន ជាមេដឹកនាំកំពូលកូរ៉េខាងជើង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានមកជួបប្រជុំគ្នានៅឯសណ្ឋាគារប្រណីតមួយ នៅលើដែនកោះនៃប្រទេសសិង្ហបុរី តាមកាលកំណត់ យ៉ាងពិតប្រាកដមែន ហើយលទ្ធផលម៉េចម៉ានោះ នៅមិនទាន់ស្តែងចេញនៅឡើយទេ ។ ហេតុដូច្នេះហើយ អ្វីៗនឹងស្ថិតក្នុងការចរចារបស់មេដឹកនាំទាំងពីរហើយ សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្ត្រដ៏កក្រើកមួយនេះ ៕