ព័ត៌មានពិសេស! កូរ៉េខាងជើង អញ្ជើញលោក ត្រាំ ទៅបំពេញទស្សនកិច្ច នៅក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំនៅជុំទី២

11-06-2018 11:03am

សេអ៊ូលៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ របស់កូរ៉េខាងត្បូង បានផ្សាយថា នៅមុនពេលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ នៅក្នុងប្រទេសសិង្ហបុរី នឹងត្រូវចាប់ផ្តើមនោះ មេដឹកនាំកូរ៉េខាងជើង បានបង្ហើបថា គាត់ចង់អញ្ជើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់ក្រុងព្យុងយ៉ាង នៅឯកិច្ចប្រជុំនៅជុំទី២ ដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដា ។ សារព័ត៌មានអាមេរិក The Sputnik បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទនេះ ។

លិខិតអញ្ជើញទៅកាន់ក្រុងព្យុងយ៉ាង ត្រូវបានប្រគល់ដោយផ្ទាល់ដៃ ដោយលោក Kim Yong Chol ជាមន្ត្រីជំនួយការផ្ទាល់ របស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានជួបជាមួយលោក ដូណាល់ ត្រាំ នៅឯសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ។

បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃចន្ទនេះថា ការជួបប្រជុំគ្នារវាងអាមេរិក និងកូរ៉េខាងជើ់ង នៅពេលដ៏ខ្លីខាងមុខ នឹងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនងសារជាថ្មី ដោយបង្កើតឲ្យមានប្រព័ន្ធសន្តិសុខ និងធ្វើការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

គួរបញ្ជាក់ថា លោក គីម និងលោក ត្រាំ នឹងជួបប្រជុំគ្នានៅថ្ងៃទី១២ ខែមិថុនា នៅឯសណ្ឋាគារ Capella នៅកោះ Sentosa ប្រទេសសិង្ហបុរី បន្ទាប់ពីបានមកដល់ប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រមុខដឹកនាំសិង្ហបុរី៕