លោក សម រង្ស៊ី នៅតែអះអាងថា ព្រះរាជសារព្រះមហាក្សត្រ ក្លែងក្លាយ

10-06-2018 11:25am

ភ្នំពេញៈ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ កំពុងនិរទេសខ្លួនក្រៅប្រទេស នៅតែអះអាងថា ព្រះរាជសារព្រះមហាក្សត្រ ដែលបានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត កុំឲ្យមានការភ័យក្លាយ និងព្រួយបារម្ភនោះ ក្លែងក្លាយដដែល ទោះបីជាក្រសួងព្រះបរមរាជវាំង អះអាងថា ជាព្រះរាជសារពិតក្តី។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “លិខិតនេះ បើមិនក្លែងក្លាយទាំងស្រុងទេ (កុំជឿអាម៉ីអាថោងភូតភរ) ក៏ក្លែងក្លាយត្រង់កាលបរិច្ឆេទដែរ ពីព្រោះលិខិតនេះ ត្រូវគេច្នៃថា ចុះថ្ងៃ១៨ ឧសភា ២០១៨ តែគេចាំដល់ថ្ងៃ០៥ មិថុនា ២០១៨ ទើបផ្សព្វផ្សាយ។ តាមការពិត គេដាក់ថ្ងៃក្លែងក្លាយ ១៨ ឧសភានេះ ដើម្បីបន្លំឲ្យបានមុនលិខិតរបស់ខ្ញុំ ផ្ញើថ្វាយព្រះមហាក្សត្រ តាំងពីថ្ងៃ២៣ ឧសភា”

លោកបញ្ជាក់ថា “ពួកនេះ ច្បាស់ជាខ្មាស់គេពេក បើដាក់កាលបរិច្ឆេទពិតប្រាកដ គឺថ្ងៃ០៥ មិថុនាតែម្តង ឃើញថា ធ្វើឡើងក្រោយលិខិតខ្ញុំ ដែលក្នុងនោះ ខ្ញុំបានទូលព្រះមហាក្សត្រ ពីការពិតគ្រប់ជ្រុងជ្រោយអស់ហើយ ពីការបោះឆ្នោត ថ្ងៃ២៩ កក្កដា។.... ចម្លែកណាស់! សព្វដង លិខិតព្រះមហាក្សត្រ ចេញផ្សាយតែ ៤-១០ ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោត។ តែលើកនេះ ចុះហត្ថលេខាជាង២ខែ និងចេញផ្សាយជិត២ខែ មុនថ្ងៃបោះឆ្នោត”

ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏បានលើកឡើងថា “តាមការពិត សម្តេច ហ៊ុន សែន យកឈ្មោះព្រះមហាក្សត្រ ទៅប្រើដើម្បីផ្ចាញ់ផ្ចាលជាមួយខ្ញុំ និងបោកបញ្ឆោតប្រជារាស្ត្រម្តងទៀត ដោយសារតែគាត់ដឹងថា ប្រជារាស្ត្រចំនួនច្រើនលើសលប់ ត្រៀមខ្លួនមិនទៅបោះឆ្នោត តាមសេចក្តីអំពាវនាវរបស់ចលនាសង្គ្រោះជាតិ ពីព្រោះប្រជារាស្ត្រយល់ច្បាស់ អំពីសារៈសំខាន់ និងសារៈប្រយោជន៍ នៃការធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ និងលេងសើច នៅថ្ងៃ២៩ កក្កដា ខាងមុខនេះ”

លោកបញ្ជាក់ថា “ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែជឿជាក់ថា លិខិតណាមួយពីព្រះមហាក្សត្រ ពេលនេះ គឺធ្វើឡើងក្រោមការគំរាមកំហែង ហើយលិខិតបែបនេះ អត់មានតម្លៃអ្វីទេតាមផ្លូវច្បាប់។ ដូចកាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន ពេលនេះ ច្បាស់ជាគំរាមព្រះមហាក្សត្រទៀតហើយ ថាគាត់នឹងរំលាយរបបរាជានិយម បើព្រះមហាក្សត្រ មិនធ្វើតាមបញ្ជារបស់គាត់”

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងព្រះបរមរាជវាំង បានបំភ្លឺថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលឡាយព្រហស្ថលេខា កាលពីថ្ងៃទី១៨ ខែឧសភា គឺជាព្រះរាជសារពិត មិនមានការក្លែងក្លាយនោះឡើយ។

សេចក្តីប្រកាសព័ត៌មានពីព្រះបរមរាជវាំង ចេញនៅថ្ងៃទី៨ ខែមិថុនា ធ្វើឡើងក្រោយពេលដែលមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យអំពីភាពមិនប្រក្រតី នៃព្រះរាជសារ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នាចេញទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដាខាងមុខ ក្នុងស្ថានភាព ដែលពលដ្ឋម្ចាស់ឆ្នោតជាងបីលាននាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បាត់បង់ឱកាស និងសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា “ក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មាន ជូនសាធារណជនជ្រាបថា ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពងខ្ពស់បំផុង មិនមែនក្លែងក្លាយ និងមិនមែនមានការគំរាមកំហែងឡើង គឺព្រះរាជសារពិតប្រាកដ”

សូមរំឭកថា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗកន្លងមក បានចេញព្រះរាជសារជូនជនរួមជាតិ ដោយព្រះអង្គ បានអំពាវនាវដល់ប្រជារាស្ត្រខ្មែរ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ព្រះអង្គ បានមានព្រះរាជបន្ទូលទៅកាន់ប្រជារាស្ត្រថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតសម្ងាត់ សេរីត្រឹមត្រូវ ហើយសូមកុំព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។

ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ បានធ្វើឡើ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយទើបត្រូវបានផ្សព្វផ្សាយ កាលពីព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលជូនជនរួមជាតិទៀតថា "ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍន៍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ"

ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ បន្តថា "ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូចនេះ សូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ"

ព្រះករុណា ព្រះមហាក្សត្រ បញ្ជាក់ក្នុងព្រះរាជសារថា "ខ្ញុំសូមជូនជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសិតសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី"