ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម នារដូវវស្សាខាងមុខ

07-06-2018 1:15pm

ភ្នំពេញៈ មន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជម្ងឺគ្រុនឈាមនៅក្នុងរដូវវស្សាខាងមុខនេះ ខណៈដែលកម្ពុជាមានភ្លៀងធ្លាក់ច្រើនដែលអាចកកើតមូសខ្លាច្រើន ដែលជាភ្នាក់ចម្លងជម្ងឺគ្រុនឈាម។

មន្រ្តីក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋទំាងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការសំអាតលំនៅដ្ឋានទាំងក្នុងផ្ទះ និងក្រៅផ្ទះ ធ្វើយ៉ាងណាឲ្យមានពន្លឺចេញចូលផ្ទះឲ្យបានគ្រប់គ្រាន់ ពិសេសកុំទុកក្មេងតូចៗនៅកន្លែងងងឹង ហើយត្រូវគេងនៅក្នុងមុង ខណៈដែលមុសខ្លាបានកើតឡើង ច្រើននៅក្នុងរដូវវស្សានេះ។ ជាមួយគ្នាត្រូវប្រមូលសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូដែលមិនប្រើប្រាស់ ឬវត្ថុដែលដក់ទឹកយកទៅកប់ចោល ព្រោះវាជាជំរកមូលខ្លា ដូច្នេះការអនុវត្តដូច្នេះនឹងជួយកាត់បន្ថយ កុំអោយកកើតមនុស្សខ្លាកាន់តែច្រើនទៀត។

លោក លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជម្ងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះថា ដើម្បីដោះស្រាយបញ្ហាជម្ងឺគ្រុនឈាម នៅក្នុងរដូវវស្សានេះ ក្រសួងសុខាភិបាលបានណែនាំ ដល់ថ្នាក់ក្រោមជាតិឲ្យពង្រឹងក្នុងការអប់រំសុខភាពតាមសហគមន៍ ក៏ដូចជាធ្វើការបែងចែកថ្នាំអាប៊ែតនៅកន្លែងណាដែលប្រឈមខ្ពស់ ហើយកន្លែងណាភូមិណាដែលមានអ្នកជម្ងឺច្រើន ឈានដល់ការបាញ់ថ្នាំទៀតផង។

លោកបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងសុខាភិបាល បានត្រៀមសេរ៉ូមរហូតដល់ជិត៤ម៉ឺនប្លោក សម្រាប់ព្យាបាលជម្ងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យរដ្ឋ ហើយថ្នាំអាប៊ែតមានរហូតដល់២៥០តោន ដើម្បីបែងចែកទៅដល់លំនៅដ្ឋាននានានៅទូទំាងប្រទេស។

សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៨រហូតមកដល់នេះ កម្ពុជាមានករណីគ្រុនឈាមកើតឡើងរហូតដល់ជាង២០០០ករណី ក្នុងនោះកុមារចំនួន៥នាក់បានស្លាប់ ដោយសារការទៅព្យាបាលមិនទាន់ពេលវេលា៕