បង្គាក្រៀមខេត្តកំពត ឈានទៅប្រកួតប្រជែងនៅក្នុង ទីផ្សារអន្តរជាតិ

06-06-2018 2:24pm

កំពតៈ បង្គាក្រៀមរបស់សហគមន៍កំពង់សាមគ្គីស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែត្រូវបានពង្រឹងការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីអាចឈានទៅប្រកួតប្រជែងដណ្តើមយកទីផ្សារអន្តរជាតិ ខណៈដែលគុណភាព និងអនាម័យ រក្សាបានល្អតាមលក្ខណៈស្តង់ដា ហើយមានការទទួលស្គាល់ និងនិយមចូលចិត្តពីអតិថិជនគ្រប់មជ្ឍដ្ឋាន។

ថ្វីដ្បិតតម្លៃខ្ពស់ជាងបង្គាក្រៀមធម្មតា ប៉ុន្តែបង្គាក្រៀមរបស់សហគមន៍សម្ងួតបង្គាកំពង់សាមគ្គី គឺពោរពេញដោយ គុណភាព និងអនាម័យខ្ពស់ បន្ទាប់ពីសហគមន៍មួយនេះទទួលបានការបណ្តុះបណ្តាល ណែនាំពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពត។

អ្នកស្រី សាយ ចាន់នឿន ប្រធានសហគមន៍សម្ងួតបង្គាកំពង់សាមគ្គីបានរៀបរាប់ថា អ្នកភូមិកំពង់ត្នោតជាច្រើនគ្រួសារ ប្រកបរបរប្រមូលទិញ បង្គាមកហាលក្រៀម ដើម្បីយកទៅលក់នៅទីផ្សារជាយូរមកហើយ។ កន្លងមក បន្ទាប់ពីស្ងោរឆ្អិនរួចរាល់ បង្គាត្រូវបានយកទៅហាលពាសវាលពាសកាលដោយមិន យកចិត្តទុកដាក់អំពីអនាម័យឡើយ។ លុះដល់ឆ្នាំ២០១២ តាមរយៈមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត ក៏មានអង្គការដៃគូមួយចំនួនចុះមកសិក្សា និងផ្សព្វផ្សាយឱ្យចងក្រងជាសហគមន៍ ព្រមទាំងបង្ហាត់បង្ហាញ បន្ថែមនូវលក្ខណៈបច្ចេកទេសក្នុងការងារនេះ។ អ្នកស្រីប្រធានសហគមន៍បានបន្តថា តាមរយៈកិច្ចខិតខំ របស់មន្ត្រីការិយាល័យជំនាញ នៅឆ្នាំ២០១៣ អង្គការស៊ែរ(Share) ក៏បានផ្តល់ផ្ទះសូឡាដល់សហគមន៍ ដើម្បីដំណើរការសម្ងួតបង្គាតាមបែប ស្តង់ដារប្រកបដោយគុណភាព និងអនាម័យ បំណងចូលប្រកួតប្រជែង លើទីផ្សារអន្តរជាតិ។

លោកស្រីប្រធាន បានបង្ហើបឲ្យដឹងថា ដំបូងឡើយ ការលក់នៅផ្សារក្នុងស្រុកមិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះតម្លៃខ្ពស់ជាងបង្គាធម្មតា។ ប៉ុន្តែតាមរយៈការបន្តផ្សព្វផ្សាយរបស់អង្គការដៃគូ ទើបមានការបញ្ជាទិញមកពីក្រៅប្រទេសជាបណ្តើរៗ ហើយអតិថិជនមួយចំនួនក៏ ងាកមកចាប់ចិត្តចំពោះបង្គាក្រៀមនេះដែរ។ តម្លៃបង្គាក្រៀមរបស់អ្នកសហគមន៍ប្រែប្រួលតាមរដូវកាល ពោលគឺអាស្រ័យលើទិន្នផលតិច ឬច្រើន។ តម្លៃលក់ឱ្យឈ្មួញកណ្តាល បង្គាក្រៀមប្រភេទលេខ១ មួយគីឡូ តម្លៃ ១៣០.០០០រៀល, លេខ២ តម្លៃ ៨០.០០០រៀល, លេខ៣ តម្លៃ៦០.០០០រៀល និងលេខ៤តម្លៃ៤០.០០០រៀល។ បង្គាដែលប្រមូលទិញមកធ្វើគឺយកតែប្រភេទបង្គារស់ដែល អ្នកនេសាទចេញទៅរកពេលយប់ និងត្រឡប់វិញនាព្រលឹមស្រាងៗពោលគឺមិនមែនប្រភេទបង្គាក្លាសេទេ។ ក្នុងបង្គាស្រស់១០គីឡូក្រាម ធ្វើបានតែបង្គាក្រៀមមួយគីឡក្រាមប៉ុណ្ណោះ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ថា ជាភាពជោគជ័យមួយរបស់អ្នកសហគមន៍សម្ងួតបង្គាកំពង់សាមគ្គី បន្ទាប់ពីកិច្ចខិតខំ បណ្តុះបណ្តាលរបស់មន្ត្រីជំនាញក្រោមការជ្រោមជ្រែងដោយអង្គកាអាស៊ីស អង្គការកូរីន អង្គការស៊ីដាប់បលយូឌីស៊ីស៊ី និងអង្កការឃែរ។ ចាប់ពីបង្កើតចេញជារូបរាងមក សហគមន៍បានដំណើរការដោយពុំមានរាំងស្ទះឡើយ។ ក្រៅពីលក់នៅផ្សារក្នុងខេត្ត ផលិតផលបង្គាក្រៀមរបស់សហគមន៍កំពង់សាមគ្គីនេះ ក៏មានវត្តមាននៅសហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែផងដែរ។ លោកនាយខណ្ឌបានបញ្ចាក់ថា លើសពីនោះ បង្គាក្រៀមរបស់សហគមន៍នេះ ក៏ទទួលបាននូវការបញ្ជាទិញជារឿយៗពីក្រៅប្រទេសផងដែរ។ អ្វីដែលលោក និងមន្ត្រីជំនាញត្រូវខិតខំបន្តទៀត គឺជួយពួកគាត់ក្នុងការងារវេចខ្ចប់ ព្រមទាំងការដាក់ស្លាកសញ្ញាសម្គាល់ដើម្បីចូលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕