ដំណាំម្រេចនៅស្រុកមេមត់ រងផលប៉ះពាល់ការប្រមូលផល ដោយសារអាកាសធាតុប្រែប្រួល

04-06-2018 10:35am

ត្បូងឃ្មុំៈ ដោយអាកាសធាតុមានការផ្លាស់ប្ដូរ បានធ្វើអោយដំណាំម្រេចរបស់ប្រជាកសិករនៅស្រុកមេមត់ ស្ទើរតែទាំងអស់ ទទួលរងការប៉ះពាល់ ដែលធ្វើអោយទិន្នផលម្រេច​  និងតំលៃមានការធ្លាក់ចុះយ៉ាងគំហុកផងដែរ។

លោក ហុង សាន ប្រធានសហគមន៍ម្រេចដារ ស្រុកមេមត់ មានប្រសាសន៍អោយដឹងថា ទិន្នផលម្រេចនឹងមានការធ្លាក់ចុះជាលំដាប់ ព្រោះអាកាសធាតុ បានឡើង កម្ដៅខ្លាំង ក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនេះ ដែលធ្វើអោយដំណាំម្រេចមិនអាចធន់និងកំដៅបានហើយដែលមិនសមស្រប ទៅនឹងការលូតលាស់របស់ដំណាំម្រេច ផងដែរ។

លោក ហុង សាន បន្តថា ទិន្នផលមិនងើបទេ ព្រោះអាកាសធាតុក្តៅតាំងពី រយៈពេល២ឆ្នាំនេះកែអត់ឡើង ក្នុងមួយជន្លង់បេះបានតែ២ទៅ២គីឡូកន្លះ វាខុសពីមុន កាលពីមុនអាកាសធាតុត្រឹមតែ៣០ ទៅ ៣១អស់ហើយ  ដល់ឥលូវនេះចាប់ពី៣៨ -៣៩ ដល់៤០ មកក្ដៅណាស់ ចឹងម្រេចត្រូវដាក់ស្បៃ នៅខែ១២ហ្នឹង យើងចាប់ផ្ដើម ប្រកស្បៃវិញហើយ បានកើត បើមិនចឹងទេម្រេចនឹងងាប់អស់ហើយ ព្រោះម្រេចទទួលកម្ដៅតែប៉ុណ្ណឹង ហើយឥលូវដល់៣៨  -៣៩ ហើយមិនអាចទទួលយកបានទេ ម្រេចត្រូវតែខូចបង់ហើយ។ 

លោកបន្តថា ម្រេចឆ្នាំនេះមានការធ្លាក់ថ្លៃ គួអោយកត់សម្គាល់ ដោយមួយគីឡូ ក្រាមធ្លាក់មកដល់ត្រឹមតែ១៥០០០៛ប៉ុណ្ណោះ ហើយភាគច្រើនមានតែឈ្មួញ វៀតណាមជាអ្នកទិញ។

លោក លី រម្យនា ប្រធានការិយាល័យកសិកម្មស្រុកមេមត់  បានអោយដឹងដែរថា ម្រេចដែលរងផលប៉ះពាល់មានចំនួនប្រមាណជា៧០ហិកតា និងរងការខូចខាត មានចំនួនជាង១០ហិកតា ការប៉ះពាល់ទាំងអស់នេះ គឺដោយសារការប្រែប្រួលអាកាសធាតុ និងដោយសារលក្ខណៈភូមិសាស្ត្រ ឥទ្ធិពលនៃទឹកភ្លៀង និងប្រជាកសិករ មួយចំនួន ដាំដំណាំម្រេចនៅលើផ្ទៃដីទំនាបដែលមានដក់ទឹក និងតំបន់ដីខ្សាច់ដែលជាដីមិនអំណោយផលដល់ម្រេច។ លោកបានបន្តថា មន្ត្រីជំនាញក៏ បានចុះទៅណែនាំ អប់រំប្រជាកសិករ អោយមានការផ្លាស់ប្ដូរបច្ចេកទេសក្នុងការថែទាំ ដូចជាការដាក់ជីអោយត្រឹមត្រូវទៅតាមពេលវេលា រឺក៏ដីមួយចំនួនមិនសាកសម ទៅនឹងដំណាំម្រេច គឺយើងត្រូវតែមានការផ្លាស់ប្ដូរទៅដាំដំណាំផ្សេងវិញ ។​ លោកបានបញ្ជាក់ថាទោះបីម្រេចធ្លាក់ចុះក្តី លោកក៏បានអោយមន្ត្រីជំនាញនៅ បន្តបំផុសអោយប្រជាពលរដ្ឋចូលរួម ទៅតាមគោលការណ៍ផលិតម្រេចទៅតាមស្តង់ដាផងដែរ។

លោក ហុង សាន ប្រធានសហគមន៍ម្រេចដារមេមត់ បានបញ្ជាក់ដែរថា ដើម្បីបញ្ជៀសនូវការងាប់ម្រេចកាន់តែច្រើនឡើងៗនោះ ប្រជាកសិករយើងគួរតែយកចិត្តទុកដាក់រួមគ្នា ធ្វើតាមការណែនាំរបស់មន្ត្រីជំនាញអំពីបច្ចេកទេសក្នុងការថែទាំដំណាំម្រេច។ម្យ៉ាងវិញទៀតប្រជាពលរដ្ឋ យើងគួរតែមានការផ្លាស់ប្ដូរ ទំលាប់ ការដាំដំាំណាំ ទៅតាមរែបំរួលអាកាសធាតុ នឹងធ្វើអោយដំណាំយើងទទួលទិន្ធផលបានល្អប្រសើរផងដែរ៕