WHO ៖ ការប្រើប្រាស់ថ្នាំជក់ នៅតែជាបញ្ហាចំបងដដែល ទោះបីជាអ្នកជក់បារីថយចុះក៏ដោយ

31-05-2018 4:21pm

ហ្សឺណែវៈ នៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃចំប្រារព្ធខួបគ្មានថ្នាំជក់ពិភពលោក អង្គការសុខភាពពិភព លោក ហៅកាត់ (WHO) បានឲ្យដឹងថា ថ្វីត្បិតតែមានសញ្ញាបញ្ជាក់ថា អ្នកប្រើប្រាស់ថ្នាំជក់បាន​ថយចុះក្តីនៅទូទាំងពិភពលោក គិតចាប់តាំងពីដើមសតវត្សន៍ទី២១នេះក្តី តែវានៅតែជា​បញ្ហាចំបងមួយ ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងៗទៀត ដែលបង្កឲ្យស្លាប់ ។ ទីភ្នាក់ងារXinhua បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភានេះ ។

យោងតាមរបាយការណ៍ថ្មីមួយ ចេញដោយអង្គការ WHO បានឲ្យដឹងថា ថ្នាំជក់បានសម្លាប់ពលរដ្ឋ ជាង៧លាននាក់ ជារៀងរាល់ឆ្នាំ ទោះបីជានៅទូទាំងពិភពលោកធ្វើការ​ទប់ស្កាត់ទៅលើអ្នកជក់ថ្នាំជក់ ដែលបានធ្លាក់ចុះចន្លោះពីឆ្នាំ២០០០ និងឆ្នាំ២០១៦ ពី២៧ភាគរយ នៃពលរដ្ឋសរុបទូទាំងសកលលោក នៅត្រឹម២០ភាគរយក៏ដោយ ។

WHO បានឲ្យដឹងថា ជំងឺបេះដូង ក្នុងនោះមានគាំងបេះដូងដាច់សរសៃឈាមក្នុងខួរក្បាល មានប្រមាណ៤៤ភាគរយ នៃអ្នកស្លាប់ ដោយសាររោគមិនឆ្លង ឬស្មើនឹង១៧,៩លាននាក់ ជារៀងរាល់ឆ្នាំ៕