រាជរដ្ឋាភិបាល ណែនាំឲ្យមន្រ្ដីជំនាញចាត់វិធានក្ដៅ ចំពោះផលិតផលក្លែងក្លាយក្នុងស្រុក និងនាំចូលពីប្រទេសជិតខាង

18-08-2018 10:30am

បន្ទាយ​មាន​ជ័យៈ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​ បានណែនាំ​ឲ្យមន្រ្ដីជំនាញចាត់វិធានក្ដៅចំពោះផលិតផលក្លែងក្លាយក្នុងស្រុក​ និងនាំចូលពីប្រទេសជិតខាង​ ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយនេះកុំឲ្យមានការចរាចរ​លើ​ទីផ្សា​កម្ពុជា ​ដែល​ផលិត​ទាំងនេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ​ដល់​សុខភាព​ និង​សុវត្ថិភាព​សង្គម​។ នេះយោងតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​បន្ទាន់​ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​ លោក​ មៀ​ច​ សុ​ផា​ន់​ណា​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​មាន​ប្រសាសន៍​ថា ​មួយ​រយៈ​នេះ​មាន​ព័ត៌មាន​នៅ​ប្រទេស​ជិតខាង​ពាក់ព័ន្ធ​ផលិត​ក្លែងក្លាយ​ដែល​ជា​ព្រួយបារម្ភ​ចំពោះ​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​ និង​សុ​វត្តិភាព​សង្គម​ ហើយ​មន្ត្រី​ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ផលិត​ក្លែងក្លាយ ​និង​ខុសច្បាប់​។​

​​​លោក​បាន​បញ្ជាក់​ថា ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ និហកំពុង​បើក​ប្រតិបត្តិការ​បង្ក្រាប​ផលិត​ក្លែងក្លាយ ​និង​ខុសច្បាប់​ទូ​ទាំង​ប្រ​ទស​ដែល​រួម​មាន​ផលិត​ខូចគុណភាព​ផលិតផល​បន្លំ​គុណភាព​ ផលិតផល​វេច​ខ្ចប់​ ឬ​ស្តុក​ទុក​មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដា​របច្ចេកទេស​ និង​ផលិតផល​ហួស​សុពលភាព​ នៃ​ការ​ប្រើប្រាស់​ និង​នាំ​ចូល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ ស្ថាប័ន​មាន​សមត្ថកិច្ច​ និង​កំពុង​បន្លំ​លក់​ និងចរាចរ​លើ​ទីផ្សា​កម្ពុជា​ដែល​ផលិត​ទាំងនេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ​និង​សុវត្ថិភាព​សង្គម​ ។

លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​រាយការណ៍​ថា​ ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៣​កន្លែង​ មាន​ច្រក​អន្តរជាតិ​១​កន្លែង​ និង​ច្រក​តំបន់​ព្រំដែន​២​កន្លែង​ ដែល​ជា​ច្រក​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ​។​ ហើយ​រយៈពេល​កន្លែង​មក​មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​បាន​ល្អ​ប្រសើរ​ដូច​ជា​បង្កា​ប់​បទល្មើស​ទំនិញគេចពន្ធ ​និង​ទំនិញ​ខូចគុណភាព​ និង​ផលិតផល​ក្លែងក្លាយ​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​។​

​​​លោក​ សុខ​ សា​រេ​ត​ អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​ពិភាក្សា​ការងារ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ឲ្យ​គណៈកម្មាធិការ​បន្ត​ផ្សព្វផ្សាយ​អប់រំ​បង្កា​រ ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​បទ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់៕