អភិបាលខណ្ឌដូនពេញ នៅតែបន្តដឹកនាំកម្លាំង ចុះរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

18-08-2018 10:30am

ភ្នំពេញៈ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាមន្ត្រីក្រោយមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះរួមមានមហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, មហាវិថីសហព័ន្ធរុស្សី, ផ្លូវលេខ៤៧-១៣០-១៣៦-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ហើយបានធ្វើការអូសស្ទូចរថយន្តគួរជេរ ដែលឈប់ចតបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញផងដែរ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ។

ក្នុងនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានចុះពិនិត្យ និងដោះស្រាយភ្លាមៗ បញ្ហាស្ទះបំពង់លូនៅចំណុចមហាវិថីព្រះមុនីវង្ស ដែលកកស្ទះ និងច្រាលចេញមកខាងក្រៅធ្វើឲ្យមានទឹកដក់នៅលើកំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយ លោកអភិបាលបានបញ្ជាឲ្យ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌ ធ្វើការបូមលូ និងអណ្តូងលូ ដោយប្រើរថយន្តបូមលូ ព្រមទាំងបានបូមស្អាតរួចរាល់ និងគ្មានទឹកដក់លើចិញ្ចើមផ្លូវទៀតឡើយ ។

ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាលបានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសម្អាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសម្អាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារ ធ្វើការបូមបាញ់លាងសម្អាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសម្អាតការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ, សួនគោព្រៃ, សួនព្រាប, សួនច្បារព្រះបរមរតនៈរូប, ជុំវិញវិមានឯករាជ្យ និងសួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម៕