ប្រទេសក្វាតេម៉ាឡា ផ្ទេរស្ថានទូតរបស់ខ្លួន ទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម បន្ទាប់ពីអាមេរិក

16-05-2018 9:29pm

អ៊ីស្រាអែលៈ នៅថ្ងៃពុធនេះ ប្រទេសក្វាតេម៉ាឡា បានបើកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម រយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលសហរដ្ឋអាមេរិក បានផ្ទេរស្ថានទូតរបស់ខ្លួនមកកាន់ទីនេះ។

ប្រធានាធិបតីក្វាតេម៉ាឡា លោក ជីមមី ម៉ូរ៉ាឡេស និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចូលរួមពិធីបើកសម្ពោធន៍ស្ថានទូត គឺជាការិយាល័យមួយស្ថិតនៅភាគខាងលិចទីក្រុងហ្ស៊េរុយសាឡឹម។

គួរឲ្យដឹងថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ជនប៉ាឡេស្ទីនរាប់សិបនាក់ នៅតាមតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ពេលដែលស្ថានទូតអាមេរិកបើកដំណើរការនៅទីក្រុងហ្ស៊េរុយសាឡឹម។

ប្រទេសក្វាតេម៉ាឡា ស្ថិតនៅក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ គាំទ្រការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ដើម្បីទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនិងជាប្រទេសទី២គត់ ដែលបានផ្ទេរស្ថានទូតរបស់ពួកគេមកកាន់ទីក្រុងពិសិដ្ឋមួយនេះ។ ចំណែកឯប្រទេសប៉ារ៉ាហ្គាយវិញ បាននិយាយផងដែរថា ពួកគេនឹងផ្ទេរស្ថានទូតរបស់ខ្លួនចេញពីទីក្រុងតែលអាវីវ មកកាន់ទីក្រុងហ្ស៊េរុយសាឡឹម នៅចុងខែឧសភា ខាងមុខ៕