អ្នកគ្រូបង្វឹកបាល់ទាត់ម្នាក់ ចង់ធ្វើជាគ្រូបណ្ដុះបណ្ដាលបាល់ទាត់ ទាំងក្នុង និងក្រៅប្រទេស

18-08-2018 10:30am

កីឡាៈ ​កញ្ញា ឈឺន នីផា ដែល​ជា​គ្រូ​បង្វឹកបាល់ទាត់​ក្រុម​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ (U15) របស់​ក្លិប​ភ្នំពេញក្រោន​នាពេល​បច្ចុប្បន្ន រំពឹង​ថា​អាជីព​របស់​ខ្លួន​ នឹង​ជោគជ័យ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ​ជា​ពិសេស​គឺ​​ចង់​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​អន្តរជាតិ​មួយរូបផងដែរ។ ​

ក្នុង​កិច្ចសម្ភាន៍​ជាមួយ​សារព័ត៌មាន​ផ្លូវការ​របស់​ក្លិប​បាន​ស្រង់​សម្តី​របស់​កញ្ញ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ​ថា​ «ខ្ញុំស្គាល់បាល់ទាត់តាមរយៈមិត្តភក្តិរបស់ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ចូលចិត្ត​បាល់ទាត់​នៅ​ថ្ងៃ​ដំបូង​​ដែល​បាន​ចូល​ប៉ះ​បាល់ទៅហើយ​ វា​ពិបាក​ប្រាប់​ថា​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា​ណាស់​ ប៉ុន្តែ​ដោយ​សារ​ខ្ញុំមិន​ដែល​ចូលរួម​សកម្មភាព​បែប​នោះ​តាំង​ពី​តូច​មក​ទើប​វា​បាន​ធ្វើ​ឲ្យខ្ញុំ​រំភើប​យ៉ាងខ្លាំង»។

អតីត​កីឡា​ការិនី​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បន្ត​ថា «ខ្ញុំ​ចាប់​ផ្តើម​លេង​បាល់ទាត់​នៅ​ពេល​ដែល​ខ្ញុំ​អាយុ១៣ឆ្នាំ (២០០៨) គឺអំឡុងពេលដែលខ្ញុំរស់នៅខេត្តបាត់ដំបង។ ក្រោយ​មក​នៅ​ឆ្នាំ​២០១១​ ខ្ញុំ​ក៏​បាន​ផ្តើម​រៀន​ធ្វើ​ជា​គ្រូបង្វឹក និងរហូតដល់ឆ្នាំ២០១៥​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​ក្លិប​បាល់ទាត់ភ្នំពេញក្រោន។ ក្រោយពីការសំភាសន៍​ និងធ្វើតេស្ត​ចំណេះដឹង​ផ្សេងៗ​ហើយ​គេ​ក៏​បាន​ជ្រើសរើស​ខ្ញុំ ពេល​នោះគឺជាជំហានដំបូងដែលខ្ញុំឆ្លងកាត់​ និង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ពី​ភ្នំពេញក្រោន ដែល​បាន​ទទួល​ខ្ញុំធ្វើជាបុគ្គលិក​ ហើយ​បាន​ផ្តល់​ឱកាស​បាន​រៀន​បន្ថែម​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​រហូត​ដល់​ពេល​នេះ»។

កញ្ញា ឈឺន នីផា ក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិនារីអាយុក្រោម ១៤ និង១៦ឆ្នាំ​ ព្រមទាំង​ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​នារី​ក្រោម​អាយុ១៤​ឆ្នាំ ចំនួន២ឆ្នាំជាប់គ្នាផងដែរពោលគឺនៅឆ្នាំ២០១៣​ និង​ឆ្នាំ​២០១៤​ កន្លងមក។ កាលពីឆ្នាំ២០១៧ កន្លងទៅ ​រូបគេ​បាន​ក្លាយ​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី ​AFC Women’s Tutors Course នៅទីក្រុងសៀងហៃ​ ប្រទេស​ចិន ដែល​ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ ក្នុង​គោល​បំណង​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​ ក៏ដូ​ច​ជា​ផ្សព្វផ្សាយ​នូវ​ទេពកោសល្យ​របស់​ក្រុម​គ្រូ​បង្វឹក​ស្ត្រី​ ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់​ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ពោរពេញដោយភាពជាអ្នកដឹកនាំ​ និង​ជា​គំរូ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់នៅតំបន់អាស៊ី។

ក្រៅ​ពី​កំពុង​ដឹកនាំ​ក្រុម​យុវជន​អាយុ​ក្រោម ១៥ឆ្នាំរបស់ភ្នំពេញក្រោន​ កញ្ញា កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ Western ឆ្នាំទី១ ឆមាសទី២ ថែមទៀតផង។ ទន្ទឹម​នឹង​គ្នា​នេះ​​ដែរ​កញ្ញា នីផា កំពុង​កាន់​​អាជ្ញាប័ណ្ឌ​គ្រូ​បង្វឹក AFC B-licence ហើយ​គ្រោង​នឹង​បន្ត​ការ​សិក្សា​យក​​អាជ្ញប័ណ្ឌ AFC A- license នៅ​ចុង​ឆ្នាំ​២០១៨​នេះ។ សម្រាប់គោលដៅអនាគតវិញ​ កញ្ញា​ប្រាថ្នា​ចង់​ក្លាយ​ជា​គ្រូ​បណ្តុះបណ្តាល​បាល់ទាត់​ទាំង​ក្នុង​ និងក្រៅប្រទេស៕