កីឡដ្ឋាន២ ជួសជុលរួចរាល់ហើយ ដើម្បីទទួលធ្វើម្ចាស់ផ្ទះ ប្រកួតពានរង្វាន់លីគកំពូលកម្ពុជា

18-08-2018 10:30am

ភ្នំពេញៈ កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)​ ដែល​ជា​​ទឹកដី​របស់​ក្លិប​បាល់ទាត់​ក្រសួង​ការពារជាតិ និង​កីឡដ្ឋាន​ខេត្ត​សៀមរាប ទឹកដី​របស់​ក្លិបអង្គរថាយហ្គឺរ ជាមួយ​ក្រុម​​សូលទីឡូអង្គរ ត្រូវ​បាន​ជួសជុល​កែលម្អ​រួចរាល់​ ព្រម​ទាំង​អាច​ទទួល​រៀបចំ​ប្រកួត​លីគ​កំពូល​កម្ពុជា (Metfone Cambodain League 2018) បាន​វិញ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC)។

គិត​ពី​ខែមីនា ដែល​ពានរង្វាន់​លីគ​​កំពូល​កម្ពុជា ​ចាប់​ផ្តើម​ពី​ខែ​មីនា មក​​ក្រុម​ក្រសួងការពារជាតិ សូលទីឡូអង្គរ និង​អង្គរថាយហ្គឺរ បាន​ខ្ចី​​ពហុ​កីឡដ្ឋាន​ជាតិ ប្រើប្រាស់​បណ្តោះអាសន្ន​​សិន អំឡុង​ពេល​ដែល​កីឡដ្ឋាន​របស់​ខ្លួន​កំពុង​ជួសជុល​កែលម្អរ។ ចំណែក​កីឡដ្ឋាន​របស់​ក្លិប​វិសាខា ដែល​កំពុង​ស្ថិតក្រោមការសាងសង់​ នឹង​រួចរាល់​​ព្រម​ទាំង​អាច​​ទទួល​រៀបចំ​ការ​ប្រកួត​នៅ​ជុំទី២​ នៃ​រដូវកាល​២០១៨​នេះ មាន​ន័យ​ថា​ក្លិប​វិសាខា នឹង​បន្ត​ប្រើប្រាស់​កីឡដ្ឋាន​របស់​ក្លិប​វេស្ទើន​បណ្ដោះអាសន្ន​ជា​បន្ត​ទៀត​សិន។

សូម​រំលឹក​ថា​គិត​ត្រឹម​ពេល​នេះ​មាន​ក្លិប​មួយ​ចំនួន​ហើយ​ដែល​មាន​កីឡដ្ឋាន​សម្រាប់​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន​ដូចជា​ក្រុម​ភ្នំពេញក្រោន (RSN Stadium) ព្រះខ័នរាជស្វាយរៀង (កីឡដ្ឋាន​ខេត្ត​ស្វាយរៀង) ក្រសួងការពារជាតិ (កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ) អាស៊ីអឺរ៉ុប (AEU Park) ​អគ្គិសនីកម្ពុជា (កីឡដ្ឋាន​អគ្គិសនីកម្ពុជា) អង្គរថាយហ្គឺរ និង​សូលទីឡួអង្គរ (កីឡដ្ឋាន​ខេត្ត​សៀមរាប) និង​ក្រុម​វេស្ទើនភ្នំពេញ (កីឡដ្ឋាន​វេស្ទើន) វិសាខា (កំពុងសាងសង់)។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២ជើង​ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។ ការ​ប្រកួត​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី៣ ​ខែ​មីនា ដល់​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម។

សម្រាប់ប្រកួត​បន្ទាប់​ពេល​លីគ​កំពូល​កម្ពុជា ត្រឡប់​មក​​វិញ​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រុម​ភ្នំពេញក្រោន ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លើ​ទីលាន​កីឡដ្ឋាន RSN វេលា​ម៉ោង​៦ល្ងាច​​ ខណៈ​ក្រុម​វិសាខា ជួប​ក្រុម​ក្រសួងការពារជាតិ វេលា​ម៉ោង​៦ និង៣០នាទី​លើ​ទីលាន​ពហុ​កីឡដ្ឋានជាតិ និង​ក្រុម​អាស៊ីអឺរ៉ុប ប៉ះ​អង្គរថាយហ្គឺរ វេលា​ម៉ោង​៣រសៀល​ លើ​ទីលាន​កីឡដ្ឋាន AEU Park។ ចំណែក​នៅ​ថ្ងៃ​ទី២០ ខែឧសភា វិញ​ក្រុម​ណាហ្គាវើល ប៉ះ​សូលទីឡូអង្គរ នៅ​ម៉ោង​៣ និង៣០នាទី​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​វេស្ទើនភ្នំពេញ ទទួល​ក្រុម​អគ្គិសនីកម្ពុជា វេលា​ម៉ោង​៣រសៀល និង​ក្រុម​បឹងកេត ប៉ះ​ព្រះខ័នរាជស្វាយរៀង វេលា​ម៉ោង​៦ និង៣០នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​៕