សម្តេចប៉ាប ហ្វ្រង់ស៊ីស ថ្កោលទោសការសម្លាប់រង្គាល នៅតំបន់ហ្គាហ្សាស្រ្ទីប

18-08-2018 10:30am

វិមានវ៉ាទីកង់ៈ នៅថ្ងៃពុធនេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានធ្វើការថ្កោលទោសការសម្លាប់រង្គាលជនប៉ាឡេស្ទីន នៅជិតព្រំដែនតំបន់កាន់កាប់ហ្គាហ្សា-អ៊ីស្រាអែល ដោយទ្រង់មានព្រះបន្ទូលថា ការស្លាប់មនុស្សទាំងនេះ មានតែធ្វើឲ្យកើតឡើងអំពើហិង្សាបន្ថែមទៀតប៉ុណ្ណោះ ហើយទ្រង់បានអំពាវនាវឲ្យមានការជជែកដោះស្រាយដើនាំយកយុត្តិធម៌ និងសន្តិភាពមកកាន់តំបន់មជ្ឈិមបូព៌ា។

ថ្លែងទៅកាន់មនុស្សរាប់ម៉ឺននាក់នៅទីលានសាំងភីធឺ សម្តេចប៉ាប បានបង្ហាញនូវការឈឺចាប់របស់ទ្រង់ចំពោះអ្នកស្លាប់ និងរងរបួស  ហើយនិងភាពជិតស្និតរបស់ទ្រង់ចំពោះអ្នករងការឈឺចាប់។

សូមបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន៦០នាក់ នៅជិតព្រំដែនហ្គាហ្សា-អ៊ីស្រាអែល កាលពីថ្ងៃចន្ទកន្លងទៅ អំឡុងបាតុកម្មប្រឆាំងនឹងការបើកឲ្យប្រើប្រាស់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហ្សេរុយសាឡឹម ដែលជាថ្ងៃបង្ហូរឈាមគ្នាស្លាប់មនុស្សច្រើនបំផុតនៅតំបន់ហ្គាហ្សា នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

សម្តេចប៉ាបដែលបានយាងបំពេញទស្សនកិច្ចទៅកាន់អ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន  កាលពីឆ្នាំ២០១៤នោះ បានស្នើសុំឲ្យភាគីទាំង២ និងសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំដើម្បីនាំមកនូវកិច្ចចរចា យុត្តិធម៌ និងសន្តិភាព៕