ចិន អះអាងថា ឆន្ទៈខ្ពស់ត្រូវការយ៉ាងចាំបាច់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នៅតំបន់ឧបទ្វីបកូរ៉េ

16-05-2018 4:56pm

ក្រុងប៉េកាំងៈ ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា ភាគីទាំងអស់គួរតែបង្ហាញឆន្ទៈខ្ពស់ ហើយភាពស្មោះត្រង់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង ធ្វើឲ្យមានភាពស្រពិចស្រពិលដល់ជំនួបកំពូលជាមួយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNAរបស់កូរ៉េខាងជើង បានលើកឡើងពីសម្តីលោកគីម ខាយ ក្វាង អនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេសកូរ៉េខាងជើង ថា ជោគវាសនានៃជំនួបកំពូលកូរ៉េខាងជើង -សហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងទ្វេភាគី បានឃើញច្បាស់ ដូចដែលទីក្រុងវ៉ាស៊ីងតោន  បាននិយាយពីស្ទីលតែមួយនឹងប្រទេសលីប៊ី “ការរំសាយអាវុធនុយក្លេអ៊ែរ” សម្រាប់កូរ៉េខាងជើង។

គួរឲ្យដឹងថា កូរ៉េខាងជើង ធ្លាប់បានប្រកាសរួចទៅហើយថា ខ្លួននឹងបិទចោលទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ នាសប្តាហ៍ក្រោយនេះ ។ លោកត្រាំ និងលោកគីម គ្រោងនឹងជួបគ្នានៅប្រទេសសិង្ហបុរី  នាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ៕