ក្ដៅគគុក! កូរ៉េខាងជើង ថា អាចពិចារណាសាជាថ្មី សម្រាប់កិច្ចប្រជុំកំពូល ជាមួយសហរដ្ឋអាមេរិក

16-05-2018 4:04pm

ព្យុងយ៉ាងៈ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK)បានថ្លែងឲ្យដឹងនៅនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង អាចធ្វើការពិចារណាឡើងវិញទៅលើគម្រោងការនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និង DPRK ដោយសារតែរឿងបង្កហេតុគួរឲ្យកត់សម្គាល់បំផុត ដែលបានធ្វើឡើងដោយក្រុមមន្ត្រីអាមេរិកាំង។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅរសៀលថ្ងៃពុធនេះ។

លោក Kim Kye Gwan អនុរដ្ឋមន្ត្រីទី១ ក្រសួងការបរទេសរបស់ DPRK បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលរបស់លោក ត្រាំ ត្រូវតែបង្ហាញដោយក្តីគោរព នូវអ្វីដែលខ្លួនចង់បាន ដើម្បីជួបប្រជុំជាមួយនឹង DPRK ឈានដល់ការរីកចម្រើនទំនាក់ទំនងទ្វេភាគី។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានដកស្រង់សម្តីរបស់លោក គីម ដែលបានថ្លែងថា យ៉ាងណាមិញ បើសិនជាសហរដ្ឋអាមេរិក ចង់ដាក់សម្ពាធតែមួយគត់ទៅលើ DPRK ដើម្បីឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនមែននោះ ចុងក្រោយ នឹងមានការពិចារណាឡើងវិញ ថាតើនឹងចូលរួមយ៉ាងណា។

នៅព្រឹកថ្ងៃពុធនេះ DPRK បានប្រកាសថា កូរ៉េខាងជើង នឹងពន្យារពេលក្នុងការជួបប្រជុំកម្រិតការងារមួយជាមួយនឹងកូរ៉េខាងត្បូង ហើយបានគំរាមថា នឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលតាមការគ្រោងទុកជាមួយសហរដ្ឋអាមេរិកផងដែរ ដោយសារតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្តធ្វើសមយុទ្ធរួមគ្នាដដែលៗនោះ៕