Aston Villa កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់បាល់ទាត់ Premier League វិញ

16-05-2018 3:33pm

បាល់ទាត់ៈ ក្រុម Aston Villa ដណ្តើមបានកៅអីលេងរបស់ពួកគេ នៅវគ្គកាត់សេចក្តី Play-offនៃការប្រកួតក្របខណ្ឌទី២អង់គ្លេស Championship ក្រោយទាត់ស្មើ០-០ ជាមួយក្រុម Middlesbrough នៅក្នុងទឹកដី Villa Park កាលពីថ្ងៃអង្គារ ក៏ដូចជាធ្វើឲ្យក្រុមនៅ Midlands មួយនេះ ឆ្លងផុតក្នុងលទ្ធផលទាំង២ជើង១-០ ។

ក្រុមរបស់លោក Steve Bruce នឹងត្រូវប៉ះជាមួយក្រុម Fulham នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹកដី Wembley ស្របពេលដែលពួកគេចង់វិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ជាកន្លែងដែលពួកគេបានជ្រុះកាលពីឆ្នាំ២០១៦ ។

ក្រោយឈ្នះការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១-០ ដោយសារគ្រាប់បាល់កីឡាករ Mile Jedinakនោះ ក្រុម Villa បានបង្ហាញពីទម្រង់លេងការពារខ្លាំង ក្នុងការទប់ទល់ជាមួយក្រុម Boro ដែលចង់វិលត្រឡប់មកលេងនៅក្របខណ្ឌកំពូលដូចគ្នា ។

នៅខ្សែការពាររបស់ពួកគេ គឺជាអតីតខ្សែការពារកណ្តាល John Terry របស់ក្លិប Chelsea និងក្រុមជម្រើសជាតិអង់គ្លេស ដែលបានចូលលេងជាមួយក្លិបមួយនេះ កាលពីឆ្នាំមុន នៅលើការផ្ទេរដោយសេរី៕