សហព័ន្ធកីឡាបាញ់កាំភ្លើង ចាត់ទុកកីឡាជាតិ ជាឱកាសគៀងគរធនធាន កសាងហេដ្ឋារចនាសម្ព័ន្ធជាថ្មី

16-05-2018 1:29pm

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានចាត់ទុកការដាក់បញ្ចូលកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍កីឡាជាតិ ជាឱកាសគៀងគរអ្នកធ្លាប់មានស្នាដៃរួមគ្នា កសាងហេដ្ឋារចនាសម្ព័ន្ធជាថ្មី ។

លោក គុជ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានថ្លែងថា ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាជាតិលើកដំបូង របស់សហព័ន្ធបាញ់កាំភ្លើងពុំត្រឹមតែជាការប្រកួតប្រជែងស្វែងរកកីឡាករ-ការិនីឆ្នើមប្រចាំឆ្នាំប៉ុណ្ណោះនោះទេ វាបានផ្តល់ឱកាសដល់កីឡាប្រភេទនេះ បានរស់រានឡើងវិញ ដើម្បីត្រៀមខ្លួនចូល ចូលរួមស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ បន្ទាប់ពីសហព័ន្ធមួយនេះ ធ្លាប់បិទទ្វារម្តងរួមមកហើយ ។ អគ្គលេខាធិការរងសហព័ន្ធលោក គុជ វណ្ណៈ បានឲ្យដឹងបែបនេះ ក្នុងកិច្ចសម្ភាសន៍ កាលពីពេលថ្មីនេះ ។

លោកថា ការប្រកួតកីឡាជាតិ ដែលបាញ់កាំភ្លើងយើងចូលលើកដំបូងនេះ ពិតជាល្អណាស់ សម្រាប់យើង។ តាមផែនការកំណត់ គឺយើងនឹងគៀងគរ កីឡាករ-ការិនីចាស់ៗ ដែលធ្លាប់ ប្រជែងបានមេដាយក្រៅប្រទេសរបស់ ឲ្យពួកគាត់ជុំគ្នាវិញ ដើម្បីរួមគ្នាអភិវ្ឍកីឡាបាញ់កាំភ្លើង ដើម្បីឆ្ពោះទៅសីហ្គេម២០២៣ទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក៏កំពុងរៀបចំផែនការសហការជាមួយសហព័ន្ធបាញ់កាំភ្លើងថៃផងដែរ ដើម្បីឲ្យប្រទេសមួយនេះ ជួយបំពេញរាល់កង្វះខាតដែលសហព័ន្ធ បាននឹងកំពុងជួបប្រទះ ។

ផែនការបន្ទាប់សហព័ន្ថយើងនឹងប្រែងធ្វើយ៉ាងណា រកដៃគូសហការឲ្យបាននៅឆ្នាំនេះ។ ខ្ញុំធ្លាប់ទៅប្រជុំនៅថៃ គឺខាងថៃគេយល់ព្រមសហការជាមួយ ក្នុងនោះគេក៏មានផែនការជួយជាសម្ភារៈក្តី ដើម្បីសម្រួលឲ្យយើងកាន់តែប្រសើរ ។

នេះជាលើកទី១ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើង បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជាតិ លើកទី២ ឆ្នាំ២០១៨។ បើតាមផែនការសហព័ន្ធកីឡាបាញ់កាំងភ្លើង នឹងបន្តរៀបចំការប្រកួតជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ-ការិនី ឲ្យបានកាន់តែច្រើន នៅមុនឆ្នាំ២០២៣៕