Breaking News ៖ ឧកញ៉ាផ្កាយ៣ ហូ ចំរើន ត្រូវប៉ូលិសក្រសួងមហាផ្ទៃ ចាប់ខ្លួន

16-05-2018 10:18am

ភ្នំពេញៈ លោកឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន ដែលទើបទទួលងារជាឧកញ៉ាកាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនយកទៅសួរនាំ កាលពីថ្ងៃម្សិលមិញ។

ប្រភពច្បាស់ការពីមន្ត្រីនគរបាលក្រសួងមហផ្ទៃ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា មុននេះបន្តិចថា ឧកញ៉ាឧត្តមសេនីយ៍ ហូ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល​ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃអង្គារម្សិលមិញ ហើយបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ នៅក្រសួងមហាផ្ទៃ។

ទោះជាបែបណា ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបដិសេធជុំវិញព័ត៌មាននៃការឃាត់ខ្លួនឧកញ៉ា ហូ ចំរើន។

បើតាមប្រភពបញ្ជាក់ថា ការឃាត់ខ្លួនលោកឧកញ៉ាផ្កាយ៣ខាងលើនេះ ធ្វើឡើងដោយពាក់ព័ន្ធករណីបើកការបាញ់បោះប្រមាណ៦-៧គ្រាប់ គំរាមប្រពន្ធ និងឪពុកម្ដាយក្មេកក្នុងជម្លោះគ្រួសារ កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

គួររំឭកថា មន្ត្រីជាន់ខ្ពស់យោធា ឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន បានបើកការបាញ់បោះគំរាមក្រុមគ្រួសារចំនួនប្រហែល៦-៧គ្រាប់ កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបង្កការបាញ់បោះខាងលើ មានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ មុខរបរជាមន្ត្រីយោធា ឋានៈឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ ចំណែក ជនរងគ្រោះមានគ្នា៣នាក់ រួមមាន ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុកក្មេក, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ម្ដាយក្មេក និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ជាភរិយា។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើដូចគ្នា។

ក្រោយពេលកើតហេតុ ដែលបានបង្កជាការភ្ញាក់ផ្អើលស្ទើរពេញក្រុងភ្នំពេញហើយនោះ សមត្ថកិច្ចគ្រាន់តែបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកសារព័ត៌មានថា ករណីបាញ់បោះសេរីនេះ បណ្ដាលមកពីទំនាស់ក្នុងគ្រួសារ ប៉ុន្តែមិនបណ្ដាលឲ្យជនរងគ្រោះទាំង៣ រងរបួស ឬបាត់បង់ជីវិតឡើយ។ ក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែមិនបានឃាត់ខ្លួនជនបង្កឡើយ៕