ព័ត៌មានក្ដៅ! កូរ៉េខាងជើង លុបចោលកិច្ចប្រជុំជាមួយកូរ៉េខាងត្បូង ហើយព្រមានមិនជួបលោក ត្រាំ

16-05-2018 8:39am

សេអ៊ូលៈ ទីភ្នាក់ងារ Yonhap បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភានេះថា ដោយសារតែបានមើលឃើញពីការធ្វើលំហាត់សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានញុំាងឲ្យប្រទេសកូរ៉េខាងជើង មិនពេញចិត្ត ដោយបានប្រកាសថា កូរ៉េខាងជើង ធ្វើការលុបចោលកិច្ចប្រជុំថ្នាក់ការងារមួយ ជាមួយនឹងកូរ៉េខាងត្បូង ហើយថែមទាំងបានគំរាមទៀតថា នឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិកទៀតផង ។

គួរបញ្ជាក់ថា តាមពិតទៅនៅថ្ងៃនេះ ក្រុមមន្ត្រីកូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងនឹងជួបប្រជុំគ្នាកម្រិតការងារមួយ នៅឯព្រំដែនប្រទេសទាំងពីរ នៅប៉ាន់ម៉ុនជុម នៅទឹកដីកូរ៉េខាងត្បូង ។

បើយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា ការធ្វើសមយុទ្ធដែលមានឈ្មោះថា Max Thunder រវាងយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងតាមផ្លូវអាកាសនោះ គឺជាការហ្វឹកហាត់មួយក្នុងបំណងដើម្បីឈ្លានពានមកលើទឹកដីកូរ៉េខាងជើង និងជាការបង្ករឿង ស្របពេលដែលប្រទេសកូរ៉េទាំងពីរ កំពុងតែមានទំនាក់ទំនងល្អជាមួយគ្នា ។

ជុំវិញការប្រកាសនេះ មានការងឿងឆ្ងល់ជាច្រើនបានលើកឡើងថា តើអាចមានកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កើតឡើងដែរ ឬយ៉ាងណា ដែលកិច្ចប្រជុំកំពូលនោះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខ នៅឯប្រទេសសិង្ហបុរីនោះ៕