Update ៖ រថយន្តធុនធំ ចុះពីលើស្ពានគីហ្សូណា បុករះរថយន្ត៣គ្រឿង និងម៉ូតូ២គ្រឿង មនុស្ស៤នាក់រងរបួស, រកឃើញថាំញៀន៣កញ្ចប់

16-05-2018 8:33am

កំពង់ចាមៈ រថយន្តហ៊ីយ៉ាន់ដាយធុនធំ១គ្រឿង ដែលមានដឹកដើមដំឡូងមីពេញប្រៀប បានបើកចុះពីលើស្ពានគីហ្សូណា ទៅបុករះរង្វង់មូល រថយន្ត៣គ្រឿង និងម៉ូតូ២គ្រឿងផ្សេងទៀត បណ្ដាលឲ្យមនុស្ស៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ ហើយរកឃើញថ្នាំញៀន៣កញ្ចប់ផងដែរ នៅក្នុងរថយន្តបង្កនោះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សបាត់បង់ជី​វិតនេះ បានកើតឡើងនៅវេលាម៉ោង៦៖២៤នាទីល្ងាច ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3812 បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជរងគ្រោះមានចំនួន៤នាក់ ទី១/ឈ្មោះ ឈាង គឹមហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសស្រាល) នៅភូមិអណ្ដូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម បើកបររថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7749, ទី២/ឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2006 និងទី៣ជាអ្នកជិះពីក្រោយមានឈ្មោះ ហ៊ន់ គា ភេទស្រី អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ អ្នកទាំងពីរ រស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដោយឡែក ជនរងគ្រោះទី៤ ឈ្មោះ ចន សេរី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (មិនរងរបួសទេ) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ គ្មានស្លាកលេខ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បើកចុះពីលើស្ពានគីហ្សូណា ក្នុងទិសដីពីកើតទៅលិច សង្ស័យដាច់ហ្វ្រាំង ក៏ជ្រុលទៅបុករះរង្វង់មូលគល់ស្ពាន រួចបន្តទៅបុករថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ដែលកំពុងបើកបរពីលិចទៅកើត និងបុកម៉ូតូម៉ាក ហុងដាឌ្រីម ស្លាកលេខ ស្ទឹងត្រែង 1A-2006 ជិះឌុបគ្នាដោយនារី២នាក់ទៀត។ ដោយសាររថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបន្តរថយន្តពីរគ្រឿងទៀតម៉ាក ហាយឡែនឌ័រ និងម៉ាក តូយូតា ព្រមទាំងបន្តបុកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម គ្មានស្លាកលេខ ទើបរថយន្តឈប់ទៅមុខលែងរួច។ យ៉ាងណា ម្ចាស់រថយន្តម៉ាក ហាយឡែនឌ័រ និងម៉ាក តូយូតា មិនបានទាមទារសំណងអ្វីឡើយ ព្រោះរថយន្តរងការខូចខាតបន្តិចបន្តួច។

សមត្ថកិច្ចជំនាញក្រុងកំពង់ចាម បញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បណ្ដាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ និង៣នាក់ រងរបួសស្រាល, ខូចខាតរថយន្តចំនួន៤គ្រឿង និងម៉ូតូ២គ្រឿង ខូចខាតយ៉ាងដំណំ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថា មកពីរថយន្តហ៊ីយ៉ាន់ដាយ បើកចុះពីលើស្ពានគីហ្សូណា ហើយដាច់ហ្វ្រាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ហើយឆែករកឃើញមានម្សៅក្រាមពណ៌ សង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូច នៅក្នុងរថយន្តនោះ។ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរអ្នកបើកបររថយន្តបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕