ក្រោយតស៊ូក្នុងកម្មវិធី Miss Global International អ្នកជំនាញសម្អាងកាយកម្ពុជា ជាង៣០នាក់ ទទួលវិញ្ញាបនបត្រ

18-08-2018 10:30am

កម្សាន្តៈ យ៉ាងហោចណាស់ មានអ្នកជំនាញសម្អាងកាយផ្នែកធ្វើសក់ផាត់មុខល្បីឈ្មោះរបស់កម្ពុជា ចំនួន៣២នាក់ ទទួលបានវិញ្ញាបនបត្រពីកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិ។ កម្មវិធីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅ Jet’s Container ក្រោមវត្តមានអ្នកផលិតកម្មវិធីបវរកញ្ញា Miss Global Cambodia 2017 និងភ្ញៀវកិត្តិយសជាច្រើន ។

ព្រឹត្តិការណ៍ប្រកួត Miss Global International 2017 ត្រូវបានរៀបចំធ្វើជាលើកដំបូងនៅកម្ពុជាក្នុងអំឡុងខែវិច្ឆកា ឆ្នាំ២០១៧ ។ កម្មវិធីនេះក៏ទទួលបានការជួយជ្រោមជ្រែង និងចូលរួមពីសំណាក់អ្នកជំនាញផាត់មុខ ធ្វើសក់របស់កម្ពុជាជាច្រើនរូប។ ដើម្បីជាការតបស្នង និងបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់ពួកគាត់ អ្នកផលិតកម្មវិធីបានរៀបចំឲ្យមានជំនួបជុំ និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការចូលរួមនេះ ដល់ពួកគាត់ផងដែរ ។

នេះបើតាមការបញ្ជាក់របស់ លោក Remy Hou អនុប្រធានផលិតកម្មវិធី Miss Global Cambodia បានថ្លែងបញ្ជាក់។ លោកបានថ្លែងការកោតសរសើរពីជំនាញផាត់់មុខ ធ្វើសក់ របស់អ្នកជំនាញសម្អាងកាយវ័យក្មេងរបស់កម្ពុជា ទាំង៣២រូប ដែលបានចូលរួមជួយផាត់មុខ ធ្វើសក់ លើកសម្រស់បវរកញ្ញាមកពីជុំវិញពិភពលោកទាំង៦០ប្រទេស ។

លោកបញ្ជាក់ដែរថា ក្រៅពីជាអ្នកជំនាញដែលមានបទពិសោធន៍ និងភាពប៉ិនប្រសប់ ពួកគេក៏ឆ្លងកាត់ការលំបាក និងជួយជ្រោជ្រែងឲ្យកម្មវិធីនេះកាន់តែល្អប្រសើរ ទើបអ្នកផលិតកម្មវិធីផ្តល់វិញ្ញាបនបត្រតបស្នងដល់ពួកគាត់។ លោកបញ្ជាក់ដែរថា កម្មវិធីប្រឡងបវរកញ្ញា Miss Global Cambodia 2018 នឹងធ្វើឡើងនៅក្នុងអំឡុងខែតុលា ឬកញ្ញា ឆ្នាំ២០១៨នេះ ដែលតាមការគ្រោងទុក អ្នកផលិតកម្មវិធីនឹងជ្រើសរើសបេក្ខភាពកូនខ្មែរក្នុងស្រុក១៥នាក់ និងកូនខ្មែរកំពុងរស់នៅក្រៅស្រុក ចំនួន១៥នាក់ ដើម្បីចូលរួមប្រកួតប្រជែងស្វែងរកបវរកញ្ញា Miss Global Cambodia ប្រចាំឆ្នាំ២០១៨ ។ លោកថា ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសសម្រាប់អ្នកជំនាញផាត់មុខ ធ្វើសក់ ចាប់ពី១៥នាក់ទៅ ៣០នាក់ផងដែរ ។

គួរបញ្ជាក់ដែរថា កម្មវិធីប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើងមុនប៉ុន្មានម៉ោង នៃការចេញដំណើរទៅសហរដ្ឋអាមេរិកវិញ របស់បវរកញ្ញា តំណាងកម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ២០១៧ កញ្ញា យស ប៉ូលីណា ផងដែរ៕