រថយន្តធុនធំ ចុះពីលើស្ពានគីហ្ស៊ូណា បុករះរថយន្ត និងម៉ូតូច្រើនគ្រឿង របួសជាច្រើននាក់

15-05-2018 10:55pm

កំពង់ចាមៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តធុនធំ និងរថយន្តសាំយ៉ុង បង្កឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហុីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3812 បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ធ្វើដំណើរចុះពីលើស្ពានគីហ្ស៊ូណា ក្នុងទិសដៅពីកើតទៅលិច។ ខណៈនោះ រថយន្តក៏បានដាច់ហ្វ្រាំង ក៏រេចង្កូតទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម រួចបន្តទៅម៉ូតូ២គ្រឿងបន្ថែមទៀត ដែលទី១. ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ​ ហ៊ន់ គា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) និងទី២.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចន សេរី ភេទប្រុស អាយុ២៤ឆ្នាំ​ រស់នៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (មិនមានរបួស)។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត។ ចំណែកអ្នកបើកបររថយន្តបង្ក និងយករថយន្តទាំងអស់ សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕