ភីឃីត យ៉ាកន តួថ្មីមែន តែមានទីផ្សារ...

15-05-2018 7:32pm

សិល្បៈ តារាសម្តែងជំនាន់ថ្មីលោក ភីឃីត យ៉ាកន ទើបមានវត្តមានក្នុងសិល្បៈមួយរយៈចុងក្រោយនេះ ហើយត្រៀមថតខ្សែភាពយន្តខាងមុខក្នុងនាមជាតួឯក។ ជាការកត់សម្គាល់តារាប្រុសម្នាក់នេះ ហាក់មានហុងស៊ុយជាមួយការថតតែងសម្អាងការក្នុងឈុតតួអង្គកូនកំលោះរាងសង្ហាដូចតារាកូនកាត់ថៃ។

ភីឃីត យ៉ាកន បានឲ្យដឹងថា លោកមានប្រភពពីសិល្បៈចេញពីការប្រឡងកម្មវិធីហ្វ្រេសសុីថ្មីៗដល់វគ្គចុងក្រោយ។ លោកថា ដោយសារតែការព្យាយាមតស៊ូ ទើបចេះតែទទួលបានការងារផ្សេងៗក្នុងអាជីពសិល្បៈ បើទោះមិនច្រើនក៏ដើរទៅមុខមួយៗ។ តារាកូនកាត់ថៃរូបនេះថ្លែងទៀតថា ២ទៅ៣ឆ្នាំ លោកទើបតែត្រៀមធ្វើតួឯកខ្សែរឿងដុំមួយបន្ទាប់ពីផលិតករសម្លឹងឃើញមុខមាត់នឹងរូបរាងរបស់លោកអាចទៅជាតួឯកបាន។

យ៉ាងណាក៏ដោយ លោកសប្បាយចិត្តដែលនេះជាពិន្ទុបន្ថែមមួយទៀតសន្សំបានពីសិល្បៈ។ អ្វីដែលប្លែករូបសម្បត្តិរបស់លោកគឺកបជាមួយការថតតែងសម្អាងការ ព្រោះមានហាងសម្អាងការជាច្រើនបានកក់រូបលោកទៅថត។ លើសពីនេះ តារាស្រីដែលជាដៃគូថតជាមួយមិនថាថ្មី ឬចាស់សុទ្ធតែបានប៉ះដៃគូថតផ្សាយជាមួយពិតជាមានមោទនភាព។ ស្របពេលមានសន្ទុះក៏យល់ថា ស្នាដៃសិល្បៈនៅមានកម្រិតនៅឡើយដែលតម្រូវឲ្យលោកប្រឹងព្យាយាមដុះខាត់ជាបន្តទៀតមុននឹងធ្វើឲ្យមហាជនទទួលស្គាល់បាន៕