បាតុកម្មថ្មីៗ រំពឹងថា នឹងកើតមានឡើងនៅតំបន់ហ្គាហ្សា ក្រោយការប៉ះទង្គិចគ្នា សម្លាប់មនុស្ស៥៥នាក់

15-05-2018 2:09pm

តំបន់ហ្គាហ្សាៈ បាតុកម្មថ្មីៗ ប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅក្នុងដែនដីប៉ាឡេស្ទីន រយៈពេលមួយថ្ងៃក្រោយទាហានអ៊ីស្រាអែល បាញ់សម្លាប់មនុស្ស៥៥នាក់ នៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប។

ថ្ងៃអង្គារនេះ គឺជាថ្ងៃខួបលើកទី៧០ នៃគ្រោះហន្តរាយ Nakba ដែលមើលឃើញជនប៉ាឡេស្ទីនរាប់ម៉ឺននាក់រត់ភៀសខ្លួន ស្របពេលនៃការបង្កើតប្រទេសអ៊ីស្រាអែលនៅឆ្នាំ១៩៤៨។ ភាពតានតឹងបានកើនឡើងខ្ពស់នៅតំបន់ហ្គាហ្សា ជាកន្លែងអ្នកដែលត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នឹងត្រូវបញ្ចុះសពនៅទីនោះ។

អំពើហិង្សាមួយនេះ បានកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិកបញ្ចប់ការផ្ទេរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម ចេញពីទីក្រុងតែលអាវីវ ជាហេតុធ្វើឲ្យជនប៉ាឡេស្ទីន ដុតកម្តៅយ៉ាងខ្លាំង។

ពួកគេបានអះអាងថា តំបន់ហ្សេរុយសាឡឹមខាងកើត គឺជារដ្ឋអនាគតរបស់ប៉ាឡេស្ទីន ហើយពួកគេយល់ឃើញថា ការផ្ទេរស្ថានទូតអាមេរិក គឺជាការគាំទ្រអ៊ីស្រាអែលឲ្យគ្រប់គ្រងទីក្រុងមួយនេះទាំងមូល។

ក្រុមមន្រ្តីប៉ាឡេស្ទីន បានអះអាងថា ក្រៅពីអ្នកស្លាប់ ក៏នៅមានអ្នករបួស២៧០០នាក់ផ្សេងទៀតដែរ អំឡុងអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលពួកគេបានចាត់ទុកថា ជាការសម្លាប់រង្គាល។ វាគឺជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីផ្ទុះសង្រ្គាមឆ្នាំ២០១៤។

ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា យោធារបស់លោក ធ្វើបែបនេះ គ្រាន់តែដើម្បីការពារខ្លួនឯងប៉ុណ្ណោះប្រឆាំងនឹងស្តេចត្រាញ់គ្រប់គ្រងតំបន់ហ្គាហ្សា គឺក្រុមឧទ្ទាមហាម៉ាស់ ដែលបាននិយាយថាពួកគេចង់បំផ្លាញអ៊ីស្រាអែល៕