លោក ឈិន សារ៉ាត់ ប្រឡូកការសម្តែង ក្នុងភាពចៃដន្យ

18-08-2018 10:30am

ភ្នំពេញៈ លោក រ៉ាត់ សា ឬ ឈិន សារ៉ាត់ ទើបតែសម្រេចចិត្តងាកមកការសន្តែងថ្មោងថ្មីនេះ បន្ទាប់ពីអារម្មណ៍ពេញចិត្ត និងចូលចិត្តវិថីសម្តែងចាក់ជ្រៅក្នុងបេះដូងមិនអាចដកថយបាន។បើ​ទោះ​ជាលោក ទើបតែវិវត្តន៍ខ្លួនមកកាន់អាជីពសម្តែងមែន ប៉ុន្តែមុខមាត់ក្នុងសិល្បៈ គឺមានគេស្គាល់ច្រើន មិនថាតារាថ្មីចាស់ និងផលិតករមួយចំនួនដែរ។ បែបនេះហើយ ទើបឱកាសច្បាមមកទីលានសម្តែងមានច្រើនសម្រាប់លោក រ៉ាត់ សា។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងលោក រ៉ាត់ សា បានឲ្យ​ដឹងថា នេះ​ជាភាពចៃដន្យមួយ ដែលលោកបានវិលមកប្រឡូកសិល្បៈ ព្រោះសិល្បៈគ្រាន់តែជាការពេញចិត្តស្រឡាញ់តាំងពីយូរមក ដែលមិនធ្លាប់គិតថា ចង់ចាប់អាជីពទេ។ លោកថា ក្រោយសម្តែងតាមបទចម្រៀង និងកម្មវិធីថតចូលឆ្នាំម្តងម្កាលកម្សាន្តការរីករាយ ក៏ត្រូវបានមិត្តភក្តិ និងផលិតករមានការពេញចិត្តរហូតចេះតែហៅថត។ ម្ល៉ោះហើយអាចនិយាយបានថា ជានិស្ស័យមួយកាច់ឲ្យ​រូបលោកមិនអាចជៀសផុតពីសិល្បៈបាន។

បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកខេត្តកោះកុង រូបនេះបន្តថា ការថតរបស់លោក ទើបតែចូលថតរឿង "ផ្កាស្រពោន" ដែលដើរតួជាលោកគ្រូពេទ្យ។ អ្វីដែលសំខាន់ គឺរបៀបនៃការសម្តែង គឺមិនមានជាបញ្ហា អាចទៅបានរហូតផលិតករអាចទទួលយកបាន។ លោកថា ការសម្តែងត្រឹមជាតួដំបូងៗ គឺមិនបានតម្លៃច្រើននោះទេ តែមកពីគិតថា ស្រឡាញ់តស៊ូ ទើបយល់ថាពេលខាងមុខអាចនឹងឡើងកេរ្តីឈ្មោះ នោះប្រាក់ចំណូលរកបានតាមហ្នឹង។ អ្វីដែលសំខាន់មួយទៀត ចង់ថតរឿងមានឯកសារខ្លះក្នុងសិល្បៈ ដើម្បីឲ្យ​ការចាប់យកតួនាទីជាពិធីករមានភាពលេចធ្លោតម្លៃការងារក៏ឡើង។ រាល់ថ្ងៃលោកក៏ឆ្លៀតពេលធ្វើការងារផ្នែកពិធីករ មុនសម្តែង ព្រោះក៏ជាអាជីពពេញចិត្ត។

លោករំពឹងថា រាល់ការសម្តែងរបស់លោកបើមានកង្វះខ្វះខាត ឬឆ្គាំឆ្គង សូមបងប្អូន​មេត្តាអធ្យាស្រ័យ ហើយជួយប្រាប់ដើម្បីកែលម្អឲ្យ​មានគុណភាពជាបន្ត ព្រោះស្ទីលសម្តែងនៅមានកម្រិតនៅឡើយទេ ពោលគឺនៅខ្ចីសេចក្តី៕