ផ្ទុះជំងឺខាន់ស្លាក់ នៅយ៉េមែន សម្លាប់មនុស្សអស់៩១នាក់

18-08-2018 10:30am

យ៉េមែនៈ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បាននិយាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ផ្ទុះជំងឺខាន់ស្លាក់ បានសម្លាប់មនុស្សអស់ចំនួន៩១នាក់ នៅក្នុងប្រទេសកំពុងកើតមានសង្គ្រាមនៅយ៉េមែន ចាប់តាំងពីចុងខែតុលា។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃអាទិត្យនេះ ។

សរុបមាន១.៧២៥ករណីនៃអ្នកកើតជំងឺខាន់ស្លាក់ ដែលបានកត់ត្រានៅក្នុងខេត្តចំនួន២០ក្នុងចំណោមខេត្តទាំង២៣របស់ប្រទេសយ៉េមែន បើធៀបនឹងរបាយការណ៍ចេញកាលពីថ្ងៃទី៣ ខែមេសា មានចំនួន១.៥១៦ករណី ដែលសង្ស័យថា មានជំងឺខាន់ស្លាក់ ដោយមានអ្នកស្លាប់ចំនួន៨៤នាក់ ។

ជំងឺខាន់ស្លាក់ បានឆ្លងរាលដាលតាមរយៈការកណ្តាស់ ដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយ ដែលភាគច្រើន បានកើតឡើងចំពោះក្មេងៗនៅក្នុងប្រទេសយ៉េមែន។

អង្គការសហប្រជាជាតិ បានចុះបញ្ជីឈ្មោះប្រទេសយ៉េមែន ជាប្រទេសដែលមានវិបត្តិផ្នែកមនុស្សជាតិធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដែលមានពលរដ្ឋយ៉េមែនចំនួន៧លាននាក់មានគ្រោះទុរ្ភិក្សដោយអត់អាហារ និងមានជំងឺអាសន្នរោគរាតត្បាត ដែលបណ្តាលឲ្យស្លាប់មនុស្សជាង២.០០០នាក់៕