គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន កំពុងពង្រីកខ្លួនប្រកួតជាមួយធនាគារធំៗ នៅកម្ពុជា ដើម្បីដណ្តើមអតិថិជន

11-05-2018 2:37pm

ភ្នំពេញៈ មួយរយៈ​ចុងក្រោយមកនេះ វិស័យធនាគារនៅកម្ពុជា ហាក់មានសន្ទុះជាងលើកមុនៗ នេះក៏ព្រោះតែនៅកម្ពុជា មានសុខសន្តិភាពពេញលេញ។

ថ្មីៗនេះអ្នកជំនាញមើលឃើញថា មានគ្រឹះស្ថាន ហិរញ្ញវត្ថុជាច្រើន កំពុងពង្រីក និងលាតត្រដាងខ្លួនប្រកួតជាមួយធនាគារធំៗនៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតដណ្តើមអតិថិជនផងដែរ។

ក្រៅពីរាជធានីភ្នំពេញ ជាបណ្តុំនៃសេដ្ឋកិច្ច និងមនុស្សខេត្តកំពង់ចាម ក៏ជាខេត្តមួយ ដែលមានមនុស្សម្នាច្រើនផងដែរ ក្រោយមកខេត្តមួយនេះ ក៏ត្រូវបានផ្តាច់ខ្លួនចេញជាពីរ នោះគឺខេត្តត្បូងឃ្មុំ។

បើនិយាយពីខេត្តកំពង់ចាម គេសង្កេតឃើញប្រជាជននៅតំបន់នោះ មានភាពស៊ី​វិល័យមិនសូវចាញ់អ្នក​ភ្នំពេញប៉ុន្មានទេ ក្នុងនោះមានទាំង ក្លឹប សណ្ឋាគារ ភោជនីយដ្ឋាន ហាងតូចធំនិងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។

ថ្មីៗនេះ មានគ្រឹះស្ថានហិរញ្ញវត្ថុថ្មីៗមួយទៀតហើយ កំពុងពង្រីកខ្លួនលាតត្រដាងក្នុងទីរួមខេត្តកំពង់ចាម នោះគឺព្រីនស៍ហ្វាយនែន ភី អិល ស៊ី។

ក្រោយពីពង្រីកខ្លួនចូលក្នុងសមរភូមិសេដ្ឋកិច្ច ព្រីនស៍ហ្វាយនែន ភី អិល ស៊ី កាលពីពេលថ្មីៗ ក៏បានបើកសម្ពោ​ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ លើសពីនេះ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ព្រីនស៍ហ្វាយនែន ភី អិល ស៊ី ក៏បានផ្សព្វផ្សាយពីសារៈប្រយោជន៍របស់ខ្លួនទៅដល់អតិថិជន ក្នុងនោះមាន​ផ្សារសួង ផ្សារបុសខ្នុរ ផ្សារព្រៃទទឹង ផ្សារកំពង់ចាម ផ្សារបឹងកុក ផ្សារសាមគ្គី និងផ្សារថ្នល់ទទឹង។

ប្រជាជនតាមដងផ្លូវមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងក្បួនដង្ហែ ដោយមានការចាក់ បន្លឺសូរសំឡេងផ្សព្វផ្សាយពីសេវានានារបស់គ្រឹះស្ថានដូចជា «… សេវាកម្ចីសម្រាប់អាជីវកម្ម កម្ចីសម្រាប់ទិញគេហដ្ឋាន និងខុនដូ និងកម្ចី​​សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន…» ដែលជាការ បង្ហាញប្រាប់ព័ត៌មានសេវាឥណទានជូនអតិថិជនគ្រប់រូប។

គ្រឹះស្ថានមានការកត់សម្គាល់ឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែ សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស គឺផ្តល់ភាពងាយស្រួលដល់ប្រជាជន និងម្ចាស់សហគ្រាសនានា អាចទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ឬតម្រូវការ ផ្សេងៗ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រីនស៍ ហ្វាយ នែន ភី អិល ស៊ី មានប្រសាសន៍ថា «សាខាថ្មី នៅខេត្តកំពង់ចាមនេះ គឺជាសាខាទី៦ របស់គ្រឹះស្ថាន ហើយខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងសហគ្រាសនានា នៅខេត្តកំពង់ចាម នឹងទទួលបាននូវភាពងាយស្រួលជាងមុន និងមានសេចក្តីពេញចិត្តចំពោះជម្រើសសេវាឥណទានកាន់តែសម្បូរបែប និងល្អឡើង»

ជាក់ស្តែងអាជីវករលក់ទូរស័ព្ទក្នុងវ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម លោក សេង លីដា ដែល កំពុងសិក្សាពីប្រភេទឥណទាននានា ដើម្បីចាប់ផ្តើមអាជីវកម្មមួយផ្សេងទៀតបានឲ្យដឹងថា នៅពេលដែលមានវត្តមានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅជិតផ្ទះប្រាកដជាអាចជួយសម្រួលបាន ច្រើនដល់អតិថិជន ព្រោះថា ខេត្តកំពង់ចាម មានអាជីវកម្មចម្រុះ ដែលត្រូវការពិភាក្សាពីសេវា ឥណទាននានា។

លោកបន្តថា « កាលណាមានគ្រឹះស្ថានហិរញ្ញវត្ថុច្រើន តែងមានការប្រកួតប្រជែងច្រើន លើ សេវាកម្ម ដែលផ្តល់នូវជម្រើសកាន់តែប្រសើរឡើងដល់អតិថិជន និងកាត់បន្ថយភាព ស្មុគស្មាញ ក្នុងការដាក់ស្នើសុំកម្ចីឥណទាន»

ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសព្វថ្ងៃ ព្រីនស៍ហ្វាយនែន ភី អិល ស៊ី មានទិសដៅ ក្នុងការបន្តពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនឲ្យបានយ៉ាងឆាប់រហ័សសំដៅមានបណ្តាញសាខានៅស្ទើរគ្រប់ខេត្តបន្ថែមលើសាខានៅរាជធានីភ្នំពេញ ហើយធ្វើយ៉ាងណាឲ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុ ដែលជាជម្រើសទី១ របស់អតិថិជនជានិច្ច។

គិតត្រឹមចុងឆ្នាំ២០១៧នេះ គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ បានពង្រីកវិសាលភាព សេវា និង បណ្តាញប្រតិបត្តិការ នៅតាមរាជធានី-ខេត្ត ដោយមានសាខាចំនួន ២,១៦៤ កន្លែង និងម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ១,៨០៤ ម៉ាស៊ីន បើតាមរបាយការណ៍ ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា៕